ព្រឹត្តិប័ត្រពត៌មានប្រចាំខែមីនា ឆ្នាំ២០២០

ព្រឹត្តិប័ត្រពត៌មានប្រចាំខែមីនា ឆ្នាំ២០២០

15/March/2020

ទិវានារីអន្តរជាតិឆ្នាំ ២០២០-សិទិ្វស្មើគ្នា 

សិទ្ធិស្ត្រី និងសមភាពយេនឌ័រ កំពុងចាប់ផ្តើមនៅឆ្នាំ ២០២០ ។ ក្នុងឆ្នាំនេះប្រធានបទសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិគឺ “ ខ្ញុំជាជំនាន់មានសមភាព ដែលទទួលស្គាល់សិទ្ធិរបស់ស្ត្រី” ។ វេទិកានេះ ស្របគ្នាទៅនឹងយុទ្ធនាការពហុភាពថ្មីរបស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី ដែលជាខួបលើកទី ២៥ នៃសេចក្តីប្រកាសក្រុងប៉េកាំង និងវេទិកាសកម្មភាពដែលបានអនុម័តនៅឆ្នាំ ១៩៩៥ ក្នុងសន្និសីទពិភពលោកលើកទី៤ ស្តីពីស្ត្រីនៅទីក្រុងប៉េកាំងប្រទេសចិន។

យុទ្ធនាការសមភាពក្នុងជំនាន់កំពុងប្រមូលផ្តុំមនុស្សគ្រប់ភេទ គ្រប់ជនជាតិ គ្រប់ពូជសាសន៍ គ្រប់សាសនានិងប្រទេស ដើម្បីជម្រុញសកម្មភាពដែលនឹងបង្កើតអោយពិភពលោកមានស្មើភាពលើកត្តាយេនឌ័រដែលយើងទាំងអស់គ្នាសមនឹងទទួលបាន។ 

នឹងមានការកត់សំគាល់នូវព្រឹត្តិការណ៍រំភើបជាច្រើនទៀតនៅក្នុងចលនាសមភាពយេនឌ័រ៖ ដែលមាន​ព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព ក្នុងនោះមានខួបលើកទី២០នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៣២៥ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ និងខួប១០ឆ្នាំនៃការបង្កើត អង្គការសហប្រជាជាតិរបស់ស្ត្រី។

ការមូលមតិគ្នាជាសកលដែលកំពុងរីកចម្រើនគឺថា ទោះបីមានការជឿនលឿនខ្លះក៏ដោយ ការផ្លាស់ប្តូរពិតប្រាកដមានការយឺតយ៉ាវខ្លាំងសម្រាប់ស្ត្រីនិងក្មេងស្រីភាគច្រើននៅលើពិភពលោក។ សព្វថ្ងៃនេះមិនមែនមានប្រទេសតែមួយទេដែលអាចអះអាងថាទទួលបានសមភាពយេនឌ័រ។ ក៍ប៉ុន្តែឧបសគ្គជាច្រើននៅតែមិនទាន់មានការផ្លាស់ប្តូរនៅក្នុងច្បាប់និងវប្បធម៌។ ស្ត្រីនិងក្មេងស្រីនៅតែបន្តត្រូវបានគេវាយតម្លៃទាប ហើយពួកគេធ្វើការច្រើន តែកំរិតប្រាក់ចំណូលនៅតែបានតិច ហើយជំរើសការងារក៏មានកំណត់ ក៏ដូចជាជួបប្រទះនូវទម្រង់នៃអំពើហឹង្សាច្រើនប្រភេទនៅផ្ទះនិងទីសាធារណៈ។ លើសពីនេះទៅទៀត មានការគំរាមកំហែងគួរឱ្យកត់សម្គាល់ទៅលើការទទួលបានជោគជ័យនៃស្ត្រីនិយម។ នៅក្នុងឆ្នាំ២០២០នេះ ជាឆ្នាំដែលមិនអាចខកខានបានក្នុងការប្រកៀកដៃជាសកលដើម្បីសម្រេចបានសមភាពយេនឌ័រនិងសិទ្ធិមនុស្សរបស់ស្ត្រីនិងក្មេងស្រីទាំងអស់។

ការបញ្ចប់ដំណាក់កាលទី១នៃការសាងសង់គេហដ្ឋានតំលៃសមរម្យនៅកម្ពុជា

យោងតាមប្រភពពីអ្នកទទួលបន្ទុកគម្រោងបានអោយដឹងថា​ គម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យលើកដំបូងសម្រាប់គ្រួសារដែលមានចំណូលទាបនិងមធ្យម នឹងត្រូវបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។

អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​ Worldbridge Homes Co.  លោក​ យក់​ ​សុថារិទ្ធ​ បានឲ្យដឹងថា ​ទីក្រុងរណបសិរីមង្គលដែលស្ថិតនៅជាយទីក្រុងភ្នំពេញ មានទំហំផ្ទៃដី២៣ហិកតា ដែលមានទំហំទឹកប្រាក់វិនិយោគសរុប​ប្រមាណ ៧៣លានដុល្លារនោះ បានសាងសង់រួចរាល់នូវផ្ទះចំនួន៦០៣ខ្នង និងនៅសល់ចំនួន ២.៤៥៧ ខ្នងទៀតកំពុងតែស្ថិតក្នុងដំណើរការសាងសង់។

ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់ លោក​ ជាសុផារ៉ាបានប្រកាសថា រដ្ឋាភិបាលនឹងជួយដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ នៅឆ្នាំ ២០១៧ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលំនៅដ្ឋានតម្លៃសមរម្យនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវិតនៃប្រជាជនដែលមានប្រាក់ចំណូលកំរិតទាប និងមធ្យម ដោយលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ធ្វើការផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាប។

-អានបន្ត-

បណ្ណាល័យបំផុសគំនិតចាប់បើកជាសាធារណៈ 

បណ្ណាល័យបំផុសគំនិតបានចាប់បើកជាសាធារណៈហើយ និងកំពុងតែស្វាគមន៏សាធារណៈជនមកចូលរួមអានសៀវភៅល្អៗដែលមាននៅក្នុងបណ្ណាល័យនេះ។

បណ្ណាល័យនេះមានទីតាំងស្ថិតនៅក្នុងFactory Phnom Penh ដែលជាសាលពហុមុខងារធំបំផុតនៅក្នុងរាជធានី បណ្ណាល័យនេះមានម៉ោងប្រតិបត្តិការចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ គោលបំណងនៃការបើកបណ្ណាល័យនេះគឺដើម្បីលើកទឹកចិត្តក្មេងជំនាន់ក្រោយឱ្យមានការអានកាន់តែច្រើន។

ដើម្បីទាក់ទាញពួកគេនិងធ្វើឱ្យការអានកាន់តែមានផាសុកភាពនោះ បណ្ណាល័យនេះត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមសិល្បៈប្រណីតៗ ដូចជាសាឡុងដ៏ធំ តុសន្និសីទខ្នាតតូច និងជម្រើសកៅអីទាំងអស់ដែលត្រូវបានរចនាឡើងដើម្បីតម្រូវការអានរយៈពេលយូរ។

-អានបន្ត-

ទំនុកចិត្តវិនិយោគិននៅតែមានស្ថេរភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះបានអនុម័តគម្រោងចំនួន៦ ដែលមានទឹកប្រាក់សរុបជាង ៦៧៧,៩ លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តី​ប្រកាស​ព័ត៌មាន។​ នេះសបញ្ជាក់ថា ទោះជាបច្ចុប្បន្នមានការផ្ទុះឡើងនៃវីរុស Covid-19 និងការដកកិច្ចព្រមព្រៀងនាំចេញ អី្វទាំងអស់លើកលែងតែអាវុធ (EBA) ក៏ដោយ ក៍វាមិនមានការប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជានោះដែរ។

CDC បានអនុម័តយល់ព្រមលើការវិនិយោគរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ខេមបូឌា ដោយមានដើមទុនសរុបចំនួន៤៧៨ លានដុល្លារ មានទីតាំងនៅតាមបណ្តោយមហាវិថីហ៊ុនសែន និងអាចបង្កើតការងារចំនួន១៥០០កន្លែង។ មិនតែប៉ុណ្ណោះ ស្របជាមួយគ្នាផងដែរ ក៏មានការអនុម័តយល់ព្រមលើគម្រោងរោងចក្រស្បែកជើង ហាងទំនិញលក់រាយ រោងចក្រប្រព្រឹត្តកម្មទឹកនៅក្នុងរាជធានីភ្នំពេញ ដោយមានទុនវិនិយោគសរុបចំនួន ១២៥,៤ លានដុល្លារ ដែលនឹងបង្កើតការងារចំនួន ១៤៧៥ កន្លែង។


ប្រទេសកម្ពុជារកចំណូលបាន ៤,៩២ ពាន់លានដុល្លារពីវិស័យទេសចរណ៍កាលពីឆ្នាំមុន

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបានកើនឡើងដល់ ៤,៩២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើង១៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំជាងគេមកប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសជិតខាងវៀតណាម និងថៃ។

វិស័យទេសចរណ៍ដើរតួជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ដោយរួមចំណែក១២,១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បើផ្អែកលើរបាយការណ៍។ ក្រសួងទេសចរណ៍បានព្យាករណ៍ថា កម្ពុជាទំនងជានឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,៤៥ លាននាក់នៅឆ្នាំនេះ ពោលគឺមានការថយចុះ ២,៤% ដោយសារការរីករាលដាលនៃ COVID-១៩ ។