|
|
|
Samsung C&T គ្រោងវិនិយោគនៅកម្ពុជា
|
|
ក្រុមហ៊ុន Samsung C&T Corp របស់កូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចនៃប្រទេសអាស៊ាន ក្នុងទំហំទឹកប្រាក់ដែលសុំមិនបង្ហាញជាសាធារណៈ ។
គម្រោងនេះត្រូវបានលាតត្រដាងកាលពីខែមុន ក្នុងកិច្ចប្រជុំនិម្មិតរវាងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឡេង ធនយុទ្ធធា និងគណៈប្រតិភូមកពីអង្គភាពសំណង់ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Samsung Group ដឹកនាំដោយតំណាង Han Jung-suk ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមជំនាញដែលពាក់ព័ន្ធ។
លោក ធនយុទ្ធា បានរៀបរាប់សង្ខេបពីកិច្ចប្រជុំស្តីពីសមិទ្ធិផល និងបច្ចុប្បន្នភាពផ្សេងទៀតនៃគម្រោងដែលកំពុងដំណើរការ និងអនាគត ទាក់ទងនឹងការអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបីផ្សេងទៀតនៅកម្ពុជា។
“រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទ ជាពិសេសភាពជាដៃគូសាធារណៈ និងឯកជន [PPP] និងការវិនិយោគក្រោមគម្រោង សាងសង់-ប្រតិបត្តិការ-ផ្ទេរ [BOT] ហើយបានស្នើសុំសាជីវកម្ម Samsung C&T ពិនិត្យមើលលទ្ធភាពនៃការវិនិយោគលើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ផ្លូវគមនាគមន៍ និងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ ព្រមទាំងកំពង់ផែ»។
គំរូ BOT គឺជាទម្រង់មួយនៃហិរញ្ញប្បទានគម្រោងដែលវិស័យសាធារណៈផ្តល់សម្បទានទៅឱ្យអង្គភាពឯកជនដើម្បីសាងសង់ និងដំណើរការគម្រោងក្នុងរយៈពេលជាក់លាក់ណាមួយ បន្ទាប់មកកម្មសិទ្ធិត្រូវបានផ្ទេរទៅរដ្ឋាភិបាលវិញ។
ទោះបីជាគណៈប្រតិភូមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែល Samsung C&T មានបំណងវិនិយោគក៏ដោយ អ្នកសង្កេតការណ៍បានសន្និដ្ឋានថា វិសាលភាពអាចមានទំហំធំ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនក្នុងស្រុក ដែលលោកថាអាចកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងប្រទេស និងធ្វើឱ្យការប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជាមានកម្រិតប្រកួតប្រជែងខ្ពស់ជាងប្រទេសជិតខាង។
ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលទើបនឹងចូលជាធរមាននាពេលខាងមុខ លោក លឹម ហេង បានប៉ាន់ស្មានថា ផែនការរបស់ក្រុមហ៊ុនទំនងជាសំដៅសម្រួលដល់ការដឹកជញ្ជូនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
“តាមមតិរបស់ខ្ញុំ បំណងប្រាថ្នារបស់ក្រុមហ៊ុនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ គឺជាការផ្លាស់ប្តូរដ៏ពិសេសមួយ ខណៈដែលប្រទេសទាំងពីរគ្រោងនឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលឆាប់ៗនេះ។
“ការវិនិយោគរបស់ក្រុមហ៊ុន Samsung គឺពិតជាឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងការនាំចូល និងការនាំចេញ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ក្រុមហ៊ុនកូរ៉េក្នុងការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន វានឹងជួយនាំយកតម្លៃទាប ដែលនឹងអនុញ្ញាតឱ្យយើងប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់យើងដែលទទួលបានអត្ថប្រយោជន៍ពីថ្លៃដឹកជញ្ជូនដែលទាបជាងប្រទេសរបស់យើង” នេះបើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់លោក។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita) បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបាន ៩៦៥,១៣២ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៩,០១៥ ភាគរយពី ៨៨៥,៣២២លានដុល្លារក្នុងឆ្នាំ ២០២០។
នៅឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងមានចំនួន ៣៤១,៥០៣ លានដុល្លារអាមេរិក កើនឡើង ៧,៣៥៣ ភាគរយធៀបនឹងឆ្នាំមុន ពី ៣១៨,១១២ លានដុល្លារ ខណៈការនាំចូលមាន ៦២៣,៦២៨ លានដុល្លារ កើនឡើង ៩,៩៤៧ ភាគរយពី ៥៦៧,២១០ លានដុល្លារអាមេរិក។
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយកូរ៉េខាងត្បូងបានកើនឡើង ១៣,២៥៨ ភាគរយ ពី ២៤៩,០៩៩ លានដុល្លារក្នុងឆ្នាំ ២០២០ ដល់ ២៨២,១២៥ លានដុល្លារកាលពីឆ្នាំមុន។
ព្រះរាជាណាចក្រកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលថ្មីសរុបចំនួន 39 ប៊ីលានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ 2021 ដោយប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាប្រភពធំទីពីរនៃ FDI ដែលបានចុះបញ្ជី ដែលមានទឹកប្រាក់ចំនួន 4,1 ប៊ីលានដុល្លារ បន្ទាប់ពីប្រទេសចិន (17,3 ប៊ីលានដុល្លារ)។ នេះបើតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
|
|
|
|
|
|
|