|
|
|
ពានរង្វាន់ក្រដាសប្រាក់ល្អបំផុតសម្រាប់ក្រដាសប្រាក់១៥,០០០រៀល ត្រូវបានប្រគល់ជូនប្រធានធានាជាតិកម្ពុជា
|
|
ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានផ្តល់ពានរង្វាន់ “ក្រដាសប្រាក់ថ្មីល្អបំផុត” ប្រចាំឆ្នាំ២០១៩ ដែលទទួលបានសម្រាប់ក្រដាសប្រាក់១៥,០០០ រៀលរបស់ខ្លួន ដោយផ្តល់ជូនពីតំណាងមកពីក្រុមហ៊ុនបោះពុម្ព Landqart AG បន្ទាប់ពីរង់ចាំយ៉ាងយូរដោយសារតែការរឹតបន្តឹងព្រំដែនដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
លោក Antonio Cesario Ricdo អគ្គនាយករងនៃក្រុមហ៊ុនផលិតក្រដាសប្រាក់សុវត្ថិភាពខ្ពស់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានផ្តល់ពានរង្វាន់ដល់ ធនាគារជាតិកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា នេះបើយោងតាម លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា។
ក្រដាសប្រាក់ដែលចេញសម្រាប់ចរាចរនៅឆ្នាំ២០១៩ គឺជាក្រដាសប្រាក់រំលឹកខួបលើកទី១៥នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី អមដោយរូបភាពព្រះបរមរូបនៅម្ខាង និងរូបវិមានឈ្នះឈ្នះ និងព្រះមហាក្សត្រ រួមជាមួយនឹងសម្តេចឪ នរោត្តម សីហនុ និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីគ្រងរាជ្យរបស់ព្រះរាជបុត្រ។
ក្រដាសប្រាក់នេះត្រូវបានផ្តល់កិត្តិយសដោយក្រុមហ៊ុន Reconnaissance International នៅក្នុងសន្និសិទសុវត្ថិភាពការបោះពុម្ពអាស៊ី (HSP Asia) លើកទី១៨របស់ខ្លួន នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ការសម្រេចចិត្តទទួលស្គាល់ក្រដាសប្រាក់ឆ្នាំ២០១៩ នេះមានន័យថា គេបានទទួលស្គាល់ការផលិតក្រដាសប្រាក់តាមបច្ចេកទេស "ទំនើបខ្ពស់" របស់ធនាគារជាតិ ការដាក់បញ្ចូលការរចនាដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលក្ខណៈសុវត្ថិភាព ដែលធ្វើឱ្យវាមានសុវត្ថិភាពខ្ពស់ពីការក្លែងបន្លំ។
អង្គភាពនេះបានសង្កត់ធ្ងន់ថា សន្និសិទ HSP Asia បានកំណត់អត្តសញ្ញាណក្រដាសប្រាក់ប្រកបដោយគុណភាពពិសេសទាំងរូបរាង និងលក្ខណៈបច្ចេកទេស ដែលត្រូវបានចេញសម្រាប់ចរាចរ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ អង្គការ Reconnaissance International គឺជាអង្គការស៊ើបការណ៍អាជីវកម្មដែលផ្តោតលើ holography និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវសម្រាប់សុវត្ថិភាពឯកសារ និងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន។
ចំណែក លោក យ៉ង់ គឹមអេង មកពីមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា វាជារឿងសំខាន់ដែលក្រដាសប្រាក់ត្រូវបានផលិតប្រកបដោយគុណភាពល្អ ហើយការទទួលបានពានរង្វាន់សម្រាប់ការរចនា នឹងនាំមកនូវកិត្តិយសដល់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
លោកថា ក្រដាសប្រាក់ ១៥,០០០រៀល គឺជាគំរូមួយសម្រាប់អ្នកផលិតទំនិញកម្ពុជាផ្សេងទៀត ឲ្យអនុវត្តតាមគុណភាព និងប្រកបដោយការរចនា ដើម្បីទទួលបាននូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពស្រដៀងគ្នា។
“អ្វីដែលសំខាន់គឺឆន្ទៈនយោបាយរបស់យើង និងការប្តេជ្ញាចិត្តខ្ពស់របស់អ្នកជំនាញបច្ចេកទេស និងអ្នកនយោបាយដើម្បីធ្វើឱ្យអ្វីៗអាចធ្វើទៅបាន។ ខ្ញុំគិតថា នេះនឹងក្លាយជាប្រភពមោទនភាពដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលអាចសម្រេចបានកិត្យានុភាពស្រដៀងគ្នានេះក្នុងវិស័យផ្សេងទៀតផងដែរ»។
|
|
|
ក្រដាសប្រាក់ 15,000 រៀល
|
|
|
|
|
|
|