ពិធីប្រគល់បទចម្រៀងរបស់តារាចំរៀងជប៉ុនមកកាន់កម្ពុជារឹតចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន
បទចំរៀងដើមរបស់អ្នកចំរៀងនិងតារាសម្តែងជនជាតិជប៉ុន លោកស្រី មីណាមីណុ យ៉ូកុ ដែលមានឈ្មោះថា “ឥន្ធធនូសម្រាប់ថ្ងៃស្អែក” ត្រូវបានប្រគល់ជូនកម្ពុជាដែលជាការរឹតចំណងមិត្តភាព ក្នុងពិធីប្រគល់មួយរវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរ។ 
 
លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា បទចម្រៀងដ៏ស្រស់ស្អាតមួយនេះ បានអង្រួនបេះដូងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលបទចម្រៀងមួយនេះត្រូវបានចាក់នៅជំនួបអាហារពេលល្ងាចជាមួយសមភាគីជប៉ុន Fumio Kishida នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន ក្នុងកិច្ចប្រជុំកំពូលស្តីអំពីបញ្ហាទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចលើកទី៤។លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានផ្ញើរលិខិតសាទរចំពោះការនិពន្ធចំរៀងមួយនេះ។ 
 
បើតាមប្រសាសន៍របស់លោកជំទាវ ទួត បញ្ញា បានឲ្យដឹងថា លោកស្រី មីណាមីណុ រួមនឹងម្ចាស់កម្មសិទ្ធិរួមផ្សេងទៀតបានផ្តល់សិទ្ធិក្នុងការចាក់ផ្សាយបទចំរៀងនេះក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតិឲ្យធ្វើការចាក់ផ្សាយលើទូរទស្សន៍ដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាល។ 
 
លោកស្រី មីណាមីណុ ដែលជាតារាដែលមានអ្នកតាមដានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសជប៉ុនរូបនេះ មានចំណងយ៉ាងជិតស្និទជាមួយនឹងប្រទេសកម្ពុជា។ លោកស្រីបានមកទស្សនាប្រទេសកម្ពុជាលើកទីមួយនៅក្នុងឆ្នាំ១៩៨៩ក្នុងកម្មវិធីទូរទស្សន៍មួយ ហើយបានមកសារជាថ្មីនៅក្នុងឆ្នាំ២០១៣។ 
 
“បទចម្រៀងមួយនេះពិតជាបានឆ្លុះបញ្ចាំងអំពីភាពពិតនៅក្នុងប្រទេសកម្ពុជានៅចុងទស្សវត្សឆ្នាំ១៩៨០ និងការប្រែប្រួលនៃប្រទេសនេះ ក៏ដូចជាភាពជិតស្និទជាងមុននៃប្រជាជននៃប្រទេសទាំងពីរ”។

លោកជំទាវ ទួត បញ្ញា មានប្រសាសន៍ថា “ខ្ញុំមានជឿជាក់ថា ប្រជាជនកម្ពុជាជាច្រើននឹងមានការរំភើបយ៉ាងខ្លាំងលើបទចម្រៀងនេះ ដែលវាក៏នឹងជួយជម្រុញមិត្តភាពយូរអង្វែងរវាងប្រជាជនកម្ពុជា​ និងជប៉ុន”។ 

លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែលបានប្រគល់បទចម្រៀងនេះដោយផ្ទាល់ទៅកាន់លោកជំទាវ ទួត បញ្ញា បានមានប្រសាសន៍នៅក្នុងពិធីថា បទចម្រៀងនេះត្រូវបានសម្តែងជាលើកដំបូងនៅក្នុងពិធីបើកពិធីបុណ្យគីហ្សូណាឆ្នាំនេះ ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដែលរៀបចំដោយស្ថានទូតរៀងរាល់ខែកុម្ភៈ។

“លោកស្រី មីណាមីណូ បានគិតគូរថានឹងធ្វើអ្វីមួយជាច្រើនឆ្នាំមកនេះ ដោយផ្អែកលើការចងចាំដ៏មានតម្លៃរបស់លោកស្រីអំពីកម្ពុជា ដើម្បីជម្រុញដល់មិត្តភាពរវាងប្រទេសទាំងពីរ”។ លោកបន្តទៀតថា “ឆ្នាំក្រោយនេះ ប្រទេសកម្ពុជានិងជប៉ុននឹងប្រារព្ធពិធីអបអរសាទរចំណងការទូតគំរប់៧០ឆ្នាំជាមួយគ្នា”។ 
ប្រភព: https://www.phnompenhpost.com/national/handover-singers-ode-cambodia-lifts-ties-japan
 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.