|
|
|
ប៊ូហ្វេធុរ៉េនរបស់អ្នកចំការនៅខេត្តកំពង់ធំទទួលបានការស្វាគមន៍
|
|
ប៊ូហ្វេធុរ៉េនដំបូងគេនៅប្រទេសកម្ពុជាត្រូវបានគេរៀបចំឡើងនៅក្នុងចំការព្រៃឡាងក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីខែមុន។ ភ្ញៀវទាំងអស់មានភាពរីករាយពេញចិត្តក្នុងការទទួលទានធុរ៉េនខ្មែរនៅក្នុងចំការផ្ទាល់។ លោក រស់ សុផល ដែលជាម្ចាស់ចំការបានឲ្យដឹងថា ចំការរបស់លោកបានទទួលភ្ញៀវសរុបចំនួន៥០០នាក់មកបរិភោគប៊ូហ្វេធុរ៉េន។
ភ្ញៀវម្នាក់ត្រូវចំណាយប្រាក់ ៣ម៉ឺនរៀលសម្រាប់ប៊ូហ្វេធុរ៉េន រួមបញ្ចូលទាំងភេសជ្ជៈ។ ជាងនេះទៅទៀតអ្នកមកទស្សនាអាចហូបធុរ៉េននៅក្នុងចំការទំហំ៦ហិចតាផ្ទាល់ ដែលមានទីតាំងនៅក្នុងភូមិ៩៩ ឃុំមានរិទ្ធ។
លោកមានប្រសាសន៍ថា “នៅពេលដែលខ្ញុំមើលលើតម្លៃទីផ្សារនៃធុរ៉េនខ្មែរ ខ្ញុំមានកង្វល់អំពីប្រាក់ចំណេញដែលបានពីវា ប៉ុន្តែអ្វីដែលសំខាន់ជាងនោះទៅទៀតសម្រាប់ខ្ញុំគឺ ការឲ្យអ្នកដទៃដឹងថា ទោះបីជាវាត្រូវបានដាំនៅក្នុងស្រុកក៏ពិតមែន តែយើងបានដាំដុះវាប្រកបដោយគុណភាព។ វាក៏ជាមធ្យោបាយល្អមួយដែរដើម្បីឲ្យប្រជាជនខ្មែរបានដឹងអំពីចំការធុរ៉េនដាំក្នុងខេត្តកំពង់ធំ ដោយសារភាគច្រើនគេស្គាល់តែចំការធុរ៉េនក្នុងខេត្តកំពត ឥលូវនេះពួកគេប្រហែលជាប្តូរការយល់ដឹងបន្ទាប់ពីបានភ្លក់រសជាតិធុរ៉េនរបស់យើង។ ”
លោកបន្តថា “ខ្ញុំក៏ចង់ឲ្យគេទទួលស្គាល់ដែរថា អ្នកចំការមិនមែនត្រឹមតែចេះដឹងអំពីការដាំដុះតែប៉ុណ្ណោះទេ តែពួកគេក៏ត្រូវតែចេះពីការធ្វើទីផ្សារផងដែរ”។
ម្ចាស់ចំការដែលបច្ចុប្បន្នកំពុងធ្វើការនៅក្នុងអង្គការបរទេសមួយទាក់ទងទៅនឹងការការពារសម្បត្តិធម្មជាតិរូបនេះបាននិយាយថា វាគឺជាគំនិតរបស់លោកផ្ទាល់ក្នុងការរៀបចំប៊ូហ្វេធុរ៉េននេះ ដែលលោកយកគំរូតាមការរៀបចំប៊ូហ្វេគ្រឿងសមុទ្រដែលលោកធ្លាប់ឃើញនៅទីក្រុងភ្នំពេញ។ មូលហេតុមួយទៀតគឺដោយសារលោកកត់សម្គាល់ឃើញអំពីភាពលំបាកនៃការនាំចូលធុរ៉េនដែលអ្នកចំការកំពុងជួបប្រទះ។
គោលបំណងរបស់លោកគឺចង់ឲ្យសារធារណៈជនបានឃើញជាក់ស្តែងថាតើផ្លែធុរ៉េនទាំងនោះមានប្រភពពីទីណា និងឲ្យពួកគេទទួលស្គាល់លើគុណភាពធុរ៉េនទាំងនោះ។ វាក៏ជួយជម្រុញអ្នកដាំដុះឲ្យហ៊ានសាកល្បងវិធីថ្មីៗដើម្បីទាក់ទាញអតិថិជនដូចគ្នា។
|
|
|
|
|
|
|