|
|
|
ការងើបឡើងវិញនៃការប្រើប្រាស់ផ្លូវដែកក្រោយពីកូវីដបិទបញ្ចប់
|
|
មានមធ្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ការធ្វើដំណើរជុំវិញប្រទេសកម្ពុជា។ យើងឃើញថាក្នុងនោះការទិញរថយន្ត និងម៉ូតូមានការកើនឡើងជាលំដាប់ ហើយក៏មានដែរសេវាឡានឈ្នួលដឹកអ្នកដំណើរជាច្រើនកំពុងធ្វើប្រតិបត្តិការ។ ជម្រើសមួយផ្សេងពីនេះ គេក៏អាចជ្រើសរើសការហោះហើរក្នុងស្រុកបានដូចគ្នា។ ប៉ុន្តែក្នុងចំណោមនោះ មានមធ្យោបាយមួយដែលប្រហែលជាត្រូវបានគេមើលរំលង នោះគឺការធ្វើដំណើរតាមរយៈផ្លូវដែក។
ការធ្វើដំណើរតាមរយៈរថភ្លើងនៅកម្ពុជាមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយសេវានេះត្រូវបានគេដាក់ឲ្យដំណើរការឡើងវិញនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំ។
លោកស្រី សុខ វណ្ណី ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការអ្នកដំណើរនៃក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា សេវាកម្មរថភ្លើងដឹកអ្នកដំណើរត្រូវបានផ្អាកបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២១ មកទល់ខែមីនាឆ្នាំ២០២២ ដោយសារបញ្ហាកូវីដ។ លោកស្រីបានបន្ថែមថា ចាប់តាំងពីការដាក់ឲ្យដំណើរការសារជាថ្មី ចំនួននៃអ្នកធ្វើដំណើរមានការកើនឡើងចន្លោះ៣០ទៅ៤០ភាគរយ។ ក្នុងកាបីនចំនួន១៩ទៅ២០ អាចផ្ទុកអ្នកដំណើរសរុបបានពី១១០០នាក់ទៅ១២០០នាក់។
លោកស្រីបានបញ្ជាក់ថា ភាពគ្រោះថ្នាក់ចៃដន្យអាចនឹងមាន ប៉ុន្តែវាក៏ដូចគ្នាទៅនឹងមធ្យោបាយដទៃទៀតដែរ ដែលវាកើតមានឡើងដោយកម្រ។ ប្រសិនបើរថភ្លើងមានបញ្ហាបច្ចេកទេស នោះវិស្វករនឹងធ្វើការជួសជុលក្នុងរយៈពេលមួយលឿនតាមដែលអាចធ្វើទៅបាន ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏នឹងប្រាប់ពីមូលហេតុនៃការយឺតយ៉ាវដល់អ្នកដំណើរផងដែរ។
លោកស្រីបន្តថា “បើមានក្បាលរថភ្លើងជំនួស គេនឹងធ្វើការប្តូរវាហើយបន្តដំណើរទៅមុខទៀត។ ក្នុងករណីមិនមានក្បាលរថភ្លើងជំនួស ឬមិនអាចជួសជុលបាន យើងនឹងជួលឡានក្រុងសម្រាប់ដឹកជញ្ជូនអ្នកដំណើរដើម្បីឲ្យពួកគាត់បានទៅដល់គោលដៅ”។
ខ្សែរថភ្លើងនៅកម្ពុជាមាន២ខ្សែ មួយគឺខ្សែប៉ែកខាងជើង មានប្រវែង៣៨៦គីឡូម៉ែត្រ ពីភ្នំពេញទៅប៉ោយប៉ែតដែលជាប់ព្រំដែននឹងប្រទេសថៃ ឯខ្សែខាងត្បូងមានប្រវែង២៦៤គីឡូម៉ែត្រ ចាប់ពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ។
គួររំលឹកផងដែរថា នៅក្នុងកម្មវិធីសម្ពោធផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាបកាលពីខែមេសាកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញឲ្យក្រសួងសាធារណៈការនិងដឹកជញ្ជូន ពិចារណាទៅលើការស្វែងរកដៃគូសហការដើម្បីអភិវឌ្ឍវិស័យផ្លូវដែកឲ្យក្លាយជាផ្លូវដែកល្បឿនលឿន។ លោកចាត់ទុកខ្សែរថភ្លើងដែលមានបច្ចុប្បន្ននេះថា មិនទាន់អាចឆ្លើយតបទៅនឹងការរីកចម្រើនសេដ្ឋកិច្ចសង្គមនាពេលអនាគតរបស់កម្ពុជាបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ថា នៅមិនទាន់មានព័ត៌មានថ្មីនៅឡើយអំពីការធ្វើទំនើបកម្មបណ្តាញរថភ្លើងនេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចាប់ផ្តើមសាកសួរព័ត៌មានជាមួយនឹងក្រុមហ៊ុនឯកជនមួយចំនួន និងសិក្សាទៅលើលទ្ធភាពកែលម្អលើបណ្តាញរថភ្លើងចាស់ ឬជម្រើសនៃការសាងសង់ផ្លូវថ្មី។
|
|
|
|
|
|
|