កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរជិត៣ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ដែលវាឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនចំពោះទស្សនៈវិស័យនៃការរីកលូតលាស់របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងចំនួន៩៨ ដែលមានទំហំទុនវិនិយោគសរុបចំនួន ២,៩៩ ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ ខែមិថុនា ក្នុងឆ្នាំនេះ ដែលមានការកើនឡើង ២៩លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯគម្រោងវិនិយោគក្នុងស្រុកមានទំហំទុនវិនិយោគសរុបចំនួន ១,៥៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៥៣,២៣ភាគរយ នៃការវិនិយោគសរុប ខណៈការវិនិយោគបរទេសពីប្រទេសចិនដែលបានចុះបញ្ជីមានចំនួន ១,២៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៣,០២ភាគរយ នេះបើយោងតាមរបាយការណ៍របស់ CDC ។
ការវិនិយោគបរទេសផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆមាសទីមួយនៃឆ្នាំនេះ គឺមកពីប្រទេសថៃ កោះសាម័រ កោះ British Virgin កូរ៉េខាងត្បូង សិង្ហបុរី កោះខេម៉េន ម៉ាឡេស៊ី ជប៉ុន និងអូស្ត្រាលី។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការរីកចម្រើននៃវិស័យវិនិយោគកើតមានឡើងដោយសារស្ថិរភាព សន្តិភាព និងសន្តិសុខសង្គម ជាពិសេសការគ្រប់គ្រងកូវីដ-១៩ប្រកបដោយភាពជោគជ័យ ជាមួយនឹងអត្រាប្រជាជនដែលទទួលវ៉ាក់សាំងខ្ពស់។ លោកបានបន្ថែមថា “កម្ពុជានឹងអាចទាក់ទាញការវិនិយោគកាន់តែច្រើន ដោយសារតែអ្នកវិនិយោគក្នុងស្រុកនិងបរទេសមើលឃើញសក្តានុពលនៃការអនុគ្រោះពាណិជ្ជកម្មដែលប្រទេសកម្ពុជាមាន ដូចជា RCEP FTA រវាងកម្ពុជានិងប្រទេសចិន FTAរវាងកម្ពុជានិងប្រទេសកូរ៉េ និងការអនុវត្តច្បាប់វិនិយោគថ្មី”។ គម្រោងវិនិយោគទាំងនោះផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ថាមពលគ្រប់គ្រាន់ បានរួមចំណែកក្នុងការកសាងទំនុកចិត្តសម្រាប់អ្នកវិនិយោគនៅកម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ត្រូវបានដាក់ឱ្យចូលជាធរមាននៅក្នុងខែមករាឆ្នាំនេះ។លោក លឹម ហេង មានប្រសាសន៍ថា ការអនុគ្រោះពាណិជ្ជកម្មថ្មីក្រោម FTAs ដែលរដ្ឋាភិបាលមានគម្រោងបង្កើតជាមួយប្រទេសជាដៃគូផ្សេងទៀតនឹងផ្តល់ការជំរុញបន្ថែមទៀតក្នុងការទាក់ទាញការវិនិយោគថ្មីៗ និងការនាំចេញផលិតផលដែលផលិតពីកម្ពុជាទៅកាន់ទីផ្សារជាតិនិងអន្តរជាតិកាន់តែទូលំទូលាយ។
|