រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងប្រែក្លាយប្រទេសនេះឲ្យទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិក ដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។
ចក្ខុវិស័យនេះត្រូវបានចែងនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលកំពុងត្រូវបានពិភាក្សា និងប្រមូលព័ត៌មានបន្ថែម។
ថ្លែងក្នុងកិច្ចប្រជុំកាលពីខែកក្កដា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាអាទិភាពសក្តានុពលសម្រាប់ការចូលរួមក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ព័ត៌មានដែលប្រមូលបាននឹងបម្រើជាមូលដ្ឋានដ៏រឹងមាំសម្រាប់កែសម្រួលដល់សេចក្តីព្រាងនៃផែនទីបង្ហាញផ្លូវឱ្យកាន់តែទូលំទូលាយក្នុងការប្រែក្លាយប្រទេសនេះឲ្យក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិក ដើម្បីពង្រីកការនាំចេញទីផ្សាររបស់ខ្លួននៅក្នុងតំបន់ និងសកលលោក។
|