គោលបំណងរបស់រដ្ឋាភិបាលគឺដើម្បីបង្កើតទីផ្សារបរធនបាលកិច្ចមួយដែលមានលក្ខណៈអភិវឌ្ឍន៍ពេញលេញនៅក្នុងប្រទេសកម្ពុជាដែលអាចទាក់ទាញអ្នកវិនិយោគបរទេសបានដោយងាយស្រួល។ កិច្ចការនេះត្រូវបានដឹកនាំដោយគោលការណ៍៣យ៉ាងគឺការផ្តល់ជូននូវភាពប្រាកដប្រជា សុវត្ថិភាព និងភាពបត់បែនខ្ពស់ ជូនដល់អ្នកវិនិយោគ ឬបរធនបាល ”trustor” ។
បរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជាគឺជាមធ្យោបាយមួយដ៏ថ្មីស្រឡាងក្នុងការនាំយកការវិនិយោគបរទេសមកក្នុងប្រទេស។ គោលគំនិតបែបនេះមានភាពថ្មីសម្រាប់ប្រទេសកម្ពុជានៅឡើយ ប៉ុន្តែវាបានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងរយៈពេលមួយដ៏ខ្លីដែលមានក្រុមហ៊ុនបរធនបាលកិច្ចចំនួនប្រមាណ៥០០ក្រុមហ៊ុនតម្រង់ជួររង់ចាំដើម្បីចុះបញ្ជីដែលមានមូលនីធិក្នុងដៃសរុបជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។
បើតាមលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានមានប្រសាសន៍ថា តួរលេខអាចឈានដល់៦០០លានដុល្លារសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ផ្អែកទៅលើការសាទរពីសំណាក់អ្នកវិនិយោគទៅលើច្បាប់ស្តីពីបរធនបាលកិច្ចដែលបានបង្កើត។ ប្រាកដណាស់ថា មូលនិធិបរធនបាលកិច្ចទាំងអស់មិនសុទ្ធតែជាមូលនិធិមានប្រភពមកពីបរទេសនោះទេ ប៉ុន្តែមានទំហំមួយចំនួនមកពីបរទេស បើយើងយោងតាមទំនោរទីផ្សារ ជាពិសេសនោះគឺការវិនិយោគដីធ្លី។ មានវិនិយោគិនបរទេសកាន់តែច្រើនឡើងបានជ្រើសរើសផ្លូវនៃបរធនបាលកិច្ចដើម្បីវិនិយោគដីធ្លីនៅកម្ពុជាដោយសារពួកគាត់មិនអាចទិញដីធ្លីដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុម័តក្នុងឆ្នាំ១៩៩៣ ជនបរទេសមិនមានសិទ្ធិកាន់កាប់ដីធ្លីបានទេ។ ទោះជាយ៉ាងនេះក្តី ពួកគាត់អាចមានសិទ្ធិកាន់កាប់ខុនដូ និងអាផាតមិនចាប់ពីជាន់ទី១ឡើងទៅ។
ច្បាប់ស្តីអំពីបរធនបាលកិច្ចត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដែលផ្តល់ឱកាសឲ្យជនបរទេសវិនិយោគលើដីធ្លីក្នុងប្រទេសកម្ពុជាបានដោយមានក្រុមហ៊ុនបរធនបាលកិច្ចឈរឈ្មោះជាម្ចាស់កម្មសិទ្ធិ។
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា៖ ជនបរទេសអាចរកផលចំណេញបានពីការវិនិយោគដីធ្លីដោយមិនបាច់ប្រើប្រាស់ឈ្មោះរបស់ពួកគេក្នុងការទិញដី។ ពួកគាត់អាចធ្វើបានដោយមិនចាំបាច់បោះបង់សញ្ជាតិរបស់ពួកគាត់ឬដោយមិនបាច់មានសញ្ជាតិខ្មែរ។
ក្រោមសេចក្តីប្រកាសលេខ០០៣ ទៅលើការបង្កើត ដំណើរការ និងការគ្រប់គ្រងបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលបានចេញនៅក្នុងខែមករាឆ្នាំនេះដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៃកម្ពុជា(NBFSA) ប្រតិបត្តិការនៃបរធនបាលកិច្ចគឺជាសកម្មភាពទាំងឡាយណាដែលទាក់ទិនទៅនឹងការផ្ទេរអចលនទ្រព្យពីម្ចាស់របស់អចលទ្រព្យនោះ (បរធនបាល)ទៅឲ្យស្ថាប័នឬរូបវ័ន្តបុគ្គលណាមួយដើម្បីគ្រប់គ្រង ចាត់ចែង និងរក្សាវាសម្រាប់ផលប្រយោជន៍របស់នរណាម្នាក់ទៀត ឬស្ថាប័នណាមួយ(អ្នកទទួលផលប្រយោជន៍)។
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរាយការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា គិតមកទល់ពេលនេះមានក្រុមហ៊ុនបរធនបាលកិច្ចចំនួន៥២ដែលបានចុះបញ្ជីជាមួយនឹងនិយ័តករនៅក្រោមច្បាប់នៃបរធនបាលកិច្ច។ លោកលើកឡើងថា៖ នៅក្រោមច្បាប់នេះ បរធនបាលកិច្ចអាចមានប្រភេទផ្សេងៗពីគ្នាដូចជា បរធនបាលកិច្ចសារធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ ក៏ប៉ុន្តែបរធនបាលកិច្ចដែលត្រូវបានបង្កើតឡើងដោយបរធនបាលនៅក្នុងប្រទេសកម្ពុជាត្រូវតែចុះបញ្ជីជាមួយនឹងនិយ័តករដោយយោងតាមច្បាប់និងបទបញ្ញត្តិនានា។
ស្ថិតនៅក្រោមច្បាប់នៃបរធនបាលកិច្ចដែលអនុម័តឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នេះ បរធនបាលកិច្ចគឺជាទំនាក់ទំនង៣ភាគី ដែលបរធនបាល (ឬវិនិយោគិន) ផ្ទេរអចលនទ្រព្យ ឬមូលនិធិទៅកាន់បរធនបាលទាយក (Trustee) ដែលនឹងត្រូវកាន់កាប់ គ្រប់គ្រង និងថែរក្សាវា ផ្សេងក្រៅអំពីអចលនវត្ថុរបស់ខ្លួន។ បរធនបាលទាយក (ឬក្រុមហ៊ុនបរធនបាលកិច្ច) នឹងត្រូវទទួលបានអាជ្ញារប័ណ្ណដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនៃកម្ពុជា ក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនិយ័តករបរធនបាលកិច្ច។ ក្រុមហ៊ុនបរធនបាលកិច្ចអាចកាន់កាប់ដីធ្លីបម្រើឲ្យផលប្រយោជន៍វិនិយោគិនបរទេសនៅក្នុងសភាពដែលជនបរទេសមិនអាចចុះបញ្ជីម្ចាស់កម្មសិទ្ធិលើដីធ្លីបាន។
ច្បាប់បានបង្កើតបរធនបានកិច្ចចំនួន៤ប្រភេទដែលប្រភេទនីមួយៗមានគោលដៅខុសៗគ្នា។ បរធនបាលកិច្ចពាណិជ្ជកម្មត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតប្រាក់ចំណូល និងសម្រាប់ផលប្រយោជន៍ដល់អ្នកបង់វិភាគទានជូនក្រុមហ៊ុនបរធនបាលកិច្ច។ ចំណែកបរធនបាលកិច្ចសារធារណៈត្រូវបានបង្កើតឡើងសម្រាប់បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ ដោយរួមទាំងការអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងផលប្រយោជន៍សារធារណៈផ្សេងៗទៀត។
បរធនបាលកិច្ចសង្គមត្រូវបានបង្កើតឡើងតាមរយៈការបរិច្ចាក ឬសុឆន្ទៈក្នុងការផ្តល់មូលនិធិពិសេសណាមួយសម្រាប់វប្បធម៌ វិស័យអប់រំ មនុស្សធម៌ សាសនា ឬប្រយោជន៍វិទ្យាសាស្រ្តនៃសារធារណៈជន ហើយបរធនបាលកិច្ចបែបនេះមិនអាចរកផលចំណេញ ឬធ្វើសកម្មភាពពាណិជ្ជកម្មណាមួយឡើយ។
រីឯបរធនបាលកិច្ចបុគ្គលត្រូវបានបង្កើតឡើងសម្រាប់ផលប្រយោជន៍នៃបរធនបាលទាំងសម្រាប់បរធនបាលដែលនៅមានជីវិត និងដែលបានធ្វើបណ្តាំមរតក។
សម្រាប់ប្រភេទបរធនបាលកិច្ចដែលគាំទ្រដល់ការវិនិយោគបរទេស គឺអាស្រ័យទៅលើគោលបំណងនៃការវិនិយោគ។ ដែលភាគច្រើន វិនិយោគិនច្រើនលើសលប់បំផុតនៅក្រោមប្រភេទបរធនបាលកិច្ចពាណិជ្ជកម្មឬបរធនបាលកិច្ចបុគ្គល។
បើយោងតាមអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដើម្បីបង្កើតនិងធ្វើប្រតិបត្តិការអាជីវកម្មបរធនបាលកិច្ចនេះបាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទាំងអស់ត្រូវស្នើសុំអាជ្ញារប័ណ្ណពីនិយ័តករ។ ហើយក្នុងរយៈពេលថ្មីៗនេះ និយ័តករបានយល់ព្រមផ្តល់សិទ្ធិឲ្យធនាគារអេស៊ីលីដា ដើម្បីក្លាយជាប្រតិបត្តិករបរធនបាលកិច្ច និងដើម្បីផ្តល់ជូនសេវារក្សាទុក ឬសេវា escrow សម្រាប់បរធនបាលកិច្ច។
ក៏មានធនាគារពាណិជ្ជមួយចំនួនផ្សេងទៀតដែរដែលបានស្នើសុំអាជ្ញារប័ណ្ណដើម្បីផ្តល់ជូនសេវារក្សាទុក ឬសេវា escrow សម្រាប់បរធនបាលកិច្ច និងក្រុមហ៊ុនមួយចំនួនបានស្នើសុំអាជ្ញារប័ណ្ណបរធនបាលកិច្ច។
បើយោងតាមលោក ដារ៉ា ក្រុមហ៊ុនបរធនបាលកិច្ចដែលបានទទួលអាជ្ញារប័ណ្ណដើម្បីធ្វើប្រតិបត្តិការលើអាជីវកម្មវិនិយោគរួម (CIS) ពីនិយ័តករមូលបត្រកម្ពុជា បានចុះបញ្ជីរួចរាល់ហើយដើម្បីក្លាយជាប្រតិបត្តិករបរធនបាលកិច្ចជាមួយនឹងនិយ័តករបរធនបាលកិច្ច។ ក្រុមហ៊ុន៦ផ្សេងទៀតក៏បានស្នើសុំសិទ្ធិផ្សេងទៀតដើម្បីធ្វើអាជីវកម្មក្នុងវិស័យបរធនបាលកិច្ច។
រាជរដ្ឋាភិបាលកម្ពុជាបានតាមដានទៅលើច្បាប់ស្តីអំពីបរធនបាលកិច្ច ដោយធ្វើការអនុវត្តន៍បទបញ្ញត្តិមួយចំនួនដោយដាក់ចេញនូវលក្ខខណ្ឌនៃការចុះបញ្ជី និងការទទួលបានអាជ្ញារប័ណ្ណសម្រាប់បរធនបាលកិច្ច ដោយធ្វើជាជំហានៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែលោក ឡោ វិចិត្រ មានមតិយោបល់ថា ទីផ្សារនៃបរធនបាលកិច្ចនេះត្រូវការពេល៥ឆ្នាំទៅមុខទៀតដើម្បីមានភាពចាស់ទុំនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបរធនបាលកិច្ចត្រូវការបង្កើតឲ្យបាននូវទំនុកចិត្ត និងភាពជឿជាក់នៅក្នុងគំនិតរបស់អ្នកវិនិយោគ ក្រៅតែអំពីការផ្តល់ចំណេះដឹងដល់ពួកគាត់។
លោកបានបន្តថា៖ សម្រាប់ក្រុមហ៊ុនបរធនបាលកិច្ចដែលទទួលបានអាជ្ញារប័ណ្ណតាមច្បាប់ត្រូវការកសាងភាពជឿជាក់ និងរក្សាឲ្យបានកេរ្ត៍ឈ្មោះល្អក្នុងរយៈពេលយូរអង្វែងទៅមុខទៀត ដើម្បីឲ្យវិនិយោគិនបរទេសមានសេចក្តីទុកចិត្តលើសេវាកម្មរបស់ពួកគេ។
ក៏មានផងដែរនូវការព្រួយបារម្ភទាក់ទិនទៅនឹងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។ ក្នុងនោះបញ្ហាចម្បងគេគឺទៅលើពន្ធដារ ដែលរដ្ឋាភិបាលនៅមិនទាន់បានសកំណត់ឲ្យបានច្បាស់លាស់នៅឡើយ។ ដោយនិយ័តករបរធនបាលកិច្ចកំពុងធ្វើការជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ ទៅលើរចនាសម្ព័ន្ធពន្ធដាររបស់បរធនបាលកិច្ច។
លោកស្រី ឈាន សុខារី នាយកផ្នែកកិច្ចការច្បាប់និងអធិការកិច្ចមានប្រសាសន៍ថា ការងារដែលនិយ័តករកំពុងពិនិត្យមើលនោះគឺមុខងារនៃបរធនបាលកិច្ច និងប្រសិទ្ធភាពរបស់វា ដែលនេះជាការងារមួយក្រៅពីការងារជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារទៅលើរចនាសម្ព័ន្ធពន្ធដារទៅលើការវិនិយោគ។
ទន្ទឹមនឹងនោះ វិនិយោគិនកំពុងមានក្តីសង្ឃឹមថាអគ្គនាយកដ្ឋានពន្ធដារនឹងមិនមានការយកពន្ធទ្វេរដងនោះទេ ពោលគឺការយកពន្ធទាំងការវិនិយោគចូលទៅក្នុងបរធនបាលកិច្ច និងប្រាក់ចំណូលសម្រាប់អ្នកទទួលផល។
|