ផ្លូវល្បឿនលឿនជម្រុញភ្ញៀវទេសចរណ៍ឲ្យធ្វើដំណើរទៅកំសាន្តខេត្តព្រះសីហនុនាចុងសប្តាហ៍

ក្នុងរយៈពេល៩ថ្ងៃដំបូងនៃការបើកសាកល្បងដោយឥតគិតថ្លៃរយៈពេលមួយខែនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានយានយន្តជាង១០ម៉ឺនគ្រឿងបានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ដោយគេបានកត់សម្គាល់នូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរទៅកាន់ខេត្តឆ្នេរសមុទ្រមួយនេះ។

កាល​ពី​ដើម​ខែ​តុលា រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យដឹង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិនិង​អន្តរជាតិ​ប្រមាណ ១១​ម៉ឺន​នាក់ បាន​មក​លេង​ខេត្ត​ព្រះសីហនុនៅ​ចុង​សប្តាហ៍។ ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ត្រូវបានគេសន្មត់ថាបានមកពីការបើកដំណើរការផ្លូវល្បឿនលឿន រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ បូកផ្សំនឹងទេសភាពដ៏ស្រស់ស្អាតនៃខេត្តនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឡុង ឌីម៉ង់ បានអះអាងថា វាជារឿងមួយដែលនឹកស្មានមិនដល់ ដែលមានភ្ញៀវទេសចរណ៍ជាង១០ម៉ឺននាក់មកលេងខេត្តព្រះសីហនុក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ដោយមិនមែនជាថ្ងៃបុណ្យជាតិ។ ជាមួយគ្នានេះផងដែរ រដ្ឋបាល​ខេត្ត​ក៏បាន​ណែនាំ​ដល់​មន្ត្រី​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​មក​លេង​ខេត្ត​ព្រះសីហនុឲ្យបានម៉ឺងម៉ាត់​។

“និន្នាការនេះគួរឱ្យរំភើបណាស់សម្រាប់ពួកយើង។ កាល​ពី​មុនយើង​ទទួល​បាន​តែ​ចំនួន​​នេះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឬ​ចូល​ឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ។ សម្រាប់​យើង ភ្ញៀវ​ទេសចរណ៍ដែលបានមកកំសាន្ត​ច្រើន​នៅ​ចុង​សប្តាហ៍​ ​គឺ​មិន​ធ្លាប់​មាន​ពី​មុន​មកទេ។ ទន្ទឹមនឹងនេះផងដែរ សាធារណជន​ហាក់​ពេញ​ចិត្ត​នឹង​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ ជា​ពិសេសបច្ចុប្បន្ន​នេះការធ្វើចរាចរណ៍នៅមិនទាន់​គិត​ថ្លៃនៅឡើយ»។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថាផ្លូវល្បឿនលឿននេះអាចប្រើប្រាស់បានដោយមិនគិតថ្លៃក្នុងខែតុលា។ បន្ទាប់មកនឹងត្រូវគិតប្រាក់១២ដុល្លារសម្រាប់ការធ្វើដំណើរមួយជើងក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ។

ផ្លូវមួយខ្សែរនេះមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង គេត្រូវចំណាយពេលប្រហែល២ម៉ោងក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ បើប្រៀបធៀបនឹងការធ្វើដំណើរពី៤ទៅ៦ម៉ោងកន្លងមកតាមផ្លូវជាតិលេខ៤។

តំណាងក្រសួង លោក ហ៊ាង សុធាយុទ្ធ បានប្រាប់ប្រភពថា ក្នុងមួយថ្ងៃៗមានយានយន្តរហូតដល់១៦,០០០ គ្រឿងបានប្រើប្រាស់ផ្លូវថ្មីនេះ។ លោក​បាន​អះអាង​ថា ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នៅ​តែ​បន្ត​កើន​ឡើង ដែល​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​ទទួលយកបទពិសោធន៍នៃការបើកបរលើ​ផ្លូវ​ថ្មី​ដើម្បី​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ស្រុក។

ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារល្បាតលើផ្លូវល្បឿនលឿននេះ បានដោះស្រាយបញ្ហាតូចៗមួយចំនួនអំពីការកកស្ទះចរាចរណ៍កាលពីចុងសប្តាហ៍ និងបញ្ហាខ្លះដែលមានសត្វពាហនៈចូលទៅជិតៗផ្លូវ។ អាជ្ញាធរ​ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​កាត់​របងផ្លូវ ឬឲ្យសត្វគោស៊ីស្មៅ​តាម​ផ្លូវ។ យុទ្ធនាការអប់រំនេះទាមទារពេលវេលា និងការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទាំងអស់។​

Source: https://phnompenhpost.com/national/expressway-triggers-tourist-influx-preah-sihanouk-weekend-visits

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.