ក្រុមហ៊ុន Toyota គ្រោងនឹងបង្កើនការនាំចូលរថយន្តកូនកាត់

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd គ្រោងនឹងបង្កើនការនាំចូលរថយន្តកូនកាត់ (HV) មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័នផ្ទះកញ្ចក់ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សារធារណការនិងដឹក​ជញ្ជូន។

ផែនការនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Toyota លោក Ryoji Fujita និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅក្នុងខែនេះ។ វាកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីក្រុមហ៊ុននេះទទួលបានការយល់ព្រមពីរដ្ឋាភិបាលក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។

គួរឲ្យកត់សម្គាល់ផងដែរថា ភាពបត់បែនទៅប្រើប្រាស់យានយន្តបែបកូនកាត់ នឹងបោះជំហានទៅមុខឆ្ពោះទៅរកគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០របស់កម្ពុជា។ 

ជាមួយគ្នានេះដែរ លោក Fujita បានស្នើឱ្យក្រសួងពិនិត្យមើលការធ្វើការជាមួយសមភាគីហិរញ្ញវត្ថុរបស់ខ្លួនដើម្បីកាត់បន្ថយពន្ធនាំចូលលើយានយន្តនេះក្នុងគោលបំណងទាក់ទាញប្រជាជនកម្ពុជាឱ្យផ្លាស់ប្តូរមកប្រើប្រាស់យានយន្តនេះកាន់តែច្រើន។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសហការជាមួយដៃគូក្នុងការដំឡើងកន្លែងសាកថ្មរថយន្តអគ្គិសនីសាធារណៈ (EV) នៅទូទាំងប្រទេស ក៏ដូចជាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃរថយន្ត EV ដល់ព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បន្តថា រដ្ឋាភិបាលកំពុងស្វែងរកការបង្កើនចំនួនប្រើប្រាស់រថយន្តនិងម៉ូតូអគ្គិសនីនៅលើដងផ្លូវឲ្យបានក្នុងចន្លោះពី៤០ ទៅ ៧០ភាគរយ ក្នុងឆ្នាំ២០៥០ ស្របតាមគោលការណ៍ "យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០" ក៏ដូចជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្សេងៗទៀត។

ចំណែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លោក មាស សុខសេន បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រុមការងារស្តីពីច្បាប់ ពន្ធ និងអភិបាលកិច្ច (GPSWG-D) របស់រដ្ឋាភិបាល និងវិស័យឯកជន។

ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co Ltd បានទទួលភ្លើងខៀវជាផ្លូវការសម្រាប់គម្រោងសាងសង់រោងចក្រដំឡើងរថយន្តតម្លៃ ៣៦,៧លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group Phnom Penh ដែលមានទីតាំងនៅភាគនិរតីនៃអាកាសយានដ្ឋានរបស់រាជធានីភ្នំពេញ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រុមប្រឹក្សានៃតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (CSEZB) បានយល់ព្រមចេញវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយសម្រាប់ការបណ្តាក់ទុននេះ ដោយរំពឹងថានឹងអាចបង្កើតការងារបានចំនួន១៥០កន្លែងបន្ថែម។

ការអនុម័តនេះកើតឡើងជិត៣ខែបន្ទាប់ពីក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅភាគខាងកើតនៃស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីខែមិថុនា ជាមួយនឹងទុនវិនិយោគចុះបញ្ជីចំនួន ២១លានដុល្លារ និងគ្រោងផលិតរថយន្តប្រភេទ SUV Ford Ranger និងរថយន្តភីកអាប់ Everest ប្រហែល ៩,000 គ្រឿងក្នុងមួយឆ្នាំ។

Source: https://phnompenhpost.com/business/toyota-plans-step-hybrid-vehicle-imports

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.