ប្រទេសកម្ពុជាលើកលែងលក្ខខណ្ឌបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ចំពោះអ្នកដំណើរចូលមកកាន់ប្រទេសខ្លួន

ប្រទេសកម្ពុជាបានបោះជំហានចុងក្រោយឆ្ពោះទៅរកការបើកប្រទេសឡើងវិញដោយពេញលេញ ដោយគ្មានការរឹតបន្តឹងកូវីដ១៩ ដោយបានលុបចោលនូវរាល់លក្ខខណ្ឌបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំង សម្រាប់អ្នកធ្វើដំណើរចូលមកក្នុងប្រទេស។​

នៅក្នុងសេចក្តីប្រកាសក្នុងខែតុលា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា​៖ «​យើង​បាន​លុប​ចោល​តម្រូវ​ការបង្ហាញប័ណ្ណចាប់វ៉ាក់សាំង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចូល​មកប្រទេសកម្ពុជាក្នុង​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរទាំងផ្លូវគោក សមុទ្រ និង​ផ្លូវអាកាស។ លែងមានទៀតហើយ ការទាមទារឲ្យបង្ហាញវិញ្ញាបនបត្រសុខភាព ឬបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញនៅពេលមកដល់ប្រទេសកម្ពុជា។

សេចក្តី​សម្រេច​ដែល​ចូល​ជា​ធរមាន​ភ្លាមៗ​នោះ បានធ្វើ​ឡើងយោងតាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ គាត់បានជម្រុញឱ្យលុបចោលការរឹតបន្តឹងទាំងអស់ បន្ទាប់ពីការធ្វើដំណើររបស់គាត់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (UNGA)។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរនៅអាកាសយានដ្ឋាននឹងបញ្ចប់ការត្រួតពិនិត្យកាតវ៉ាក់សាំងឬការធ្វើតេស្តលើអ្នកដំណើរ។

លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ថា អ្នក​ធ្វើ​ដំណើរ​នឹង​នៅ​តែ​ត្រូវ​បាន​តម្រូវ​ឱ្យ​ពិនិត្យ​សីតុណ្ហភាព​របស់​ខ្លួន​នៅ​ពេល​មក​ដល់​ព្រំដែន។ ដោយឡែកពីនេះ មន្ត្រីសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធដែលទទួលបន្ទុកផ្នែកចត្តាឡីស័ក្កនឹងនៅតែបន្តប្រចាំការជាប់ព្រំដែននិងអាកាសយានដ្ឋាន ដើម្បីត្រួតពិនិត្យអ្នកដំណើរនិងផ្តល់ការប្រឹក្សាដល់ពួកគេប្រសិនបើចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រុញដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅទទួលយកឲ្យបានរួសរាន់ដើម្បីរក្សាឲ្យបាននូវវិធានការបង្ការការចម្លង។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោក យ៉ង់ ពៅ មានប្រសាសន៍ថា ការដកចេញនូវការរឹតបន្តឹងនេះ នឹងពន្លឿនការស្តារសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យក្រោយកូវីដ។ លោក​បាន​បន្ត​ថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន​បានទទួលវ៉ាក់សាំងការពារ ហើយ​ក្នុងនោះប្រជាពលរដ្ឋមួយ​ចំនួន​​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំងដល់ទៅ​​៥ដូស​។

«​យើង​ឃើញ​ថា កម្ពុជា​សម្រេច​បាន​ភាពស៊ាំសង្គមប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ ដូច្នេះហើយ ការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិដោយមិនចាំបាច់បង្ហាញវិញ្ញាបនបត្រសុខភាពឬប័ណ្ណចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏ល្អសម្រាប់យើងក្នុងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមកកម្ពុជាវិញ»។ លោកបាននិយាយថា លោកនឹងនៅតែបន្តជម្រុញឱ្យសាធារណជនបន្តការប្រុងប្រយ័ត្នចំពោះវិធានការបង្ការការឆ្លង ទោះបីជាទទួលបានការចាក់វ៉ាក់សាំងពេញលេញក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌសាធារណៈ នាពេលថ្មីៗនេះ ត្រូវបានបញ្ចប់ដោយមិនមានការរីករាលដាលនៃជម្ងឺកូវីដ១៩ ឬការស្លាប់ដោយសារមេរោគនោះទេ។ 

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជាមួយ​និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួនប្រមាណ៤ពាន់នាក់ សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានយល់ដឹងយ៉ាងច្បាស់អំពីវិធានការសុខភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩។

ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខគេមួយនៅក្នុងពិភពលោកទៅលើការឆ្លើយតបនឹងជម្ងឺកូវីដ១៩ កើតឡើងដោយសារភាពជោគជ័យគួរឱ្យកត់សម្គាល់នៃកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន ដែលបានបង្កើតភាពស៊ាំនៅក្នុងសង្គមក្នុងកម្រិតខ្ពស់ និងជាកត្តាដែលអនុញ្ញាតឱ្យប្រទេសនេះបើកដំណើរការឡើងវិញជាប្រក្រតី។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាស​ន៍ទៀតថា "បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដត្រូវបានបញ្ឈប់ យើងអាចបើកប្រទេសឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆិកា កាលពីឆ្នាំមុន។ នេះ​ជា​ភស្តុតាង​ច្បាស់​លាស់​ដែល​បញ្ជាក់ថា​វិធានការ​របស់​រដ្ឋាភិបាល​ជា​ដំណោះស្រាយ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ការ​សង្គ្រោះ​ជីវិត​ប្រជាជន»។

លោកបានបន្ថែម​ថា បើ​គាត់​ធ្វេសប្រហែសកាល​ពី​ឆ្នាំ​មុន ប្រហែល​ជាពេលនេះ​ព្រះសង្ឃនិង​ពុទ្ធសាសនិក​មិន​អាច​ជួបជុំគ្នាប្រារព្ធពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅ​ឆ្នាំ​នេះ​បាន​ទេ ព្រោះ​ជម្ងឺ​កូវីដ១៩ អាច​ឆក់​យក​ជីវិត​បាន។ ឆ្នាំនេះ ប្រជាពលរដ្ឋ​អាច​រីករាយ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ដោយ​មិន​មានការ​រាលដាល​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។

“ការខាតបង់របស់យើងក្នុងឆ្នាំនេះបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ មិនមែនមកពីមេរោគកូវីដនោះទេ។ មានអ្នក​ជម្ងឺកូវីដ​ត្រឹមតែ១៩​នាក់ប៉ុណ្ណោះ​បានសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ឯភាគច្រើនត្រូវបានព្យាបាលនៅផ្ទះ នេះបណ្តាលមកពីភាពស៊ាំសង្គមដ៏ខ្លាំងក្លា ដែលផ្តល់ដោយយុទ្ធនាការចាក់វ៉ាក់សាំងរបស់យើង»។

ចំណែកតួរលេខគ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​មាន​មនុស្ស​បាត់បង់ជីវិត២៧​នាក់ និង​របួស​៥៧​នាក់ ក្នុង​អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែកញ្ញា។ បើប្រៀបធៀបក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន មាន​មនុស្ស​ស្លាប់ត្រឹមតែ​១៤​នាក់ និង​របួស​៦៤​នាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាឥឡូវនេះត្រូវបានគេចាត់ទុកថាជាប្រទេសនាំមុខគេលើពិភពលោកលើផ្នែកសុខភាពសាធារណៈទៅលើការគ្រប់គ្រងជម្ងឺរាតត្បាត ហើយសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅទូទាំងពិភពលោក។

 

អាផាតមិនអូតែល Citadines បាននាំមកនូវគំនិតថ្មីលើម៉ាកយីហោរបស់ខ្លួន៖ សម្រាប់សេចក្តីស្រឡាញ់នៃទីក្រុង

Citadines ដែលជាយីហោអាផាតមិនអូតែលដ៏ល្បីល្បាញនៅក្រោមក្រុមហ៊ុន The Ascott Limited (Ascott) បានបង្ហាញរូបរាងថ្មីនៅក្នុងទីផ្សារ។ ជាមួយនឹងវត្តមានអចលនទ្រព្យចំនួន៨០កន្លែង ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅទូទាំង៥៦ទីក្រុងនៅទូទាំងពិភពលោក យីហោCitadinesកំពុងផ្គត់ផ្គង់និងផ្តល់សេវាកម្មជូនអ្នករស់នៅក្នុងទីក្រុងដែលកំពុងកើនឡើងដែលមិនធ្លាប់មានពីមុន ដែលពេញចិត្តចំពោះភាពងាយស្រួលនៃលំនៅដ្ឋានបម្រើសេវាកម្ម និងភាពបត់បែនតាមបែបបទសណ្ឋាគារ។

យីហោអាផាតមិនអូតែលនេះ ត្រូវបានគេទទួលស្គាល់សម្រាប់ការរស់នៅទីក្រុងប្រកបដោយគុណភាព ហើយមានបង្កប់អត្ថន័យក្នុងគំនិតថ្មីមួយគឺ "សម្រាប់សេចក្តីស្រឡាញ់នៃទីក្រុង" ដែលគំនិតនេះតំណាងឲ្យខ្លឹមសារនៃអ្វីដែលយីហោនេះកំពុងផ្តល់ជូន។ Citadines ផ្តល់ឱ្យអ្នកធ្វើដំណើរនូវទស្សនៈវិស័យដាច់ដោយឡែកនៃទីក្រុងនីមួយៗដែលខ្លួនកំពុងស្ថិតនៅ ហើយត្រូវបានឆ្លុះបញ្ចាំងឡើងលើការរចនា និងស្តង់ដាសេវាកម្មនៃលំនៅដ្ឋានរបស់ពួកគេ។

យីហោអាផាតមិនអូតែល​​ Citadines ត្រូវបានគេធ្វើឲ្យស្រស់ស្រាយឡើង​​​ ចំក្នុងឱកាសដ៏សមស្របមួយ ដោយសារឧស្សាហកម្មទេសចរណ៍និងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍បន្តបង្ហាញសញ្ញានៃការងើបឡើងវិញ និងកំណើនក្រោយការរាតត្បាតកូវីដ១៩។ 

ជាមួយនឹងការពង្រីកបណ្តាញអចលនទ្រព្យនៅទូទាំងតំបន់ Citadines ឈរជើងក្នុងទីតាំងដ៏ល្អក្នុងការចាប់យកបេះដូងរបស់អ្នកទីក្រុងដែលចូលចិត្តស្វែងរកបទពិសោធន៍ទីក្រុងថ្មីៗ។

និពន្ធនាយកស្ថាបនិកនៃក្រុមហ៊ុន Travel Asia Now ឈ្មោះ Rhea Vitto Tabora បានធ្វើបទសម្ភាសន៍ជាមួយលោកស្រី Wong Kar Ling នាយកគ្រប់គ្រងរបស់ Ascott សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (SEA) និងជាប្រធានផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តិការសកល ទៅលើប្រធានបទស្តីពីការធ្វើឱ្យម៉ាកយីហោអាផាតមិនអូតែលCitadines មានភាពស្រស់ស្រាយ និងសារៈសំខាន់របស់វានៅក្នុងទិដ្ឋភាពបដិសណ្ឋារកិច្ចបច្ចុប្បន្ន។

Rhea Vitto Tabora (RVT)៖ តើអ្វីជាកម្លាំងចិត្តដែលនៅពីក្រោយយីហោ Citadines Apart’ hotel ថ្មីស្រឡាងនេះ?

Wong Kar Ling (WKL)៖ Citadines គឺជាម៉ាកយីហោដែលរីកលូតលាស់លឿនបំផុតរបស់ក្រុម ហើយចាប់តាំងពីឈានជើងទៅអឺរ៉ុបជាង២០ឆ្នាំមុន យើងបានបង្កើនផលប័ត្រចំនួន៤ដង ជាមួយនឹងអចលនទ្រព្យចំនួន១០៤កន្លែងដែលកំពុងស្ថិតនៅក្នុងប្រតិបត្តិការ។ ស្របពេលដែលយើងសម្លឹងមើលដើម្បីពង្រីកការបោះជំហានរបស់យើងនៅក្នុងទីក្រុងសំខាន់ៗក្នុងពិភពលោក និងបន្តបង្កើនវត្តមានម៉ាកយីហោរបស់យើង វាជាឱកាសមួយសម្រាប់ឲ្យយើងធ្វើឱ្យម៉ាកយីហោមានសភាពស្រស់ស្រាយជានិច្ច វាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងម៉ាករបស់យើងតាមរយៈវិធីសាស្រ្ត Brand​៣៦០ដឺក្រេ ។

យើងជឿជាក់លើសក្តានុពលទីផ្សារនៃការរស់នៅបែបអាផាតមិន ហើយយល់ថាអាជីវកម្មអាផាតមិនបម្រើសេវាកម្មបានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកធ្វើដំណើរស្វែងរកបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ចល្អ លើសពីការគ្រាន់តែចង់បានទីតាំងមួយ។ ការធ្វើយីហោរបស់យើងឲ្យមានភាពថ្មីនេះ ជួយជម្រុញការផ្តល់ជូនរបស់យើងឆ្ពោះទៅរកគំរូកូនកាត់មួយ ដែលមិនត្រឹមតែអនុញ្ញាតឱ្យយើងផ្តល់ជម្រើសទាំងបន្ទប់សណ្ឋាគារ និងអាផាតមិនបម្រើសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្មវិធីដ៏រឹងមាំដែលបំពេញតម្រូវការរបៀបរស់នៅរបស់អតិថិជនបានកាន់តែប្រសើរឡើង។

RVT: តើម៉ាក Citadines ដែលត្រូវបានធ្វើឱ្យថ្មីស្រឡាងនេះ ឆ្លុះបញ្ចាំងពីតម្រូវការវិវត្តរបស់អ្នកដំណើរយ៉ាងដូចម្តេច?

WKL: អ្នកជំនាញវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះកំពុងមមារញឹកក្នុងការធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ និងធ្វើដំណើរតាមបែប 'bleisure' (អាជីវកម្មនិងការកំសាន្តរួមគ្នា) នៅចន្លោះគម្រោងការអាជីវកម្មរបស់ពួកគេ។ ពួកគេកំពុងស្វែងរកការរស់នៅតាមបទពិសោធន៍ក្នុងស្រុកដ៏ល្អបំផុត មុនពេលចាប់ផ្តើមធ្វើការងារ។ ហើយម៉ាកយីហោ Citadines ថ្មីរបស់យើងមានគោលបំណងបំពេញនូវសេចក្តីប្រាថ្នានៃការធ្វើដំណើររបស់ពួកគេ។

ទាំងនេះរួមបញ្ចូលទាំងសកម្មភាពនិងកម្មវិធីដើម្បីចាប់ផ្តើមការរស់នៅបែបទីក្រុង បទពិសោធន៍ទាក់ទងនឹងកាហ្វេ រួមទាំងភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន ក៏ដូចជាលក្ខណៈពិសេសដែលអាចបត់បែនបាន ដែលអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបន្ទប់ និងទីតាំងឱ្យស្របទៅតាមតម្រូវការការងារប្រចាំថ្ងៃ និងរបៀបរស់នៅនៃអតិថិជនរបស់យើង។

RVT: តើអ្វីទៅជាការកែលម្អសំខាន់ៗរបស់យីហោCitadines?

WKL: ក្នុងនោះមានចំណុចសំខាន់ៗមួយចំនួននៅគ្រប់អចលនទ្រព្យរបស់Citadines ទាំងអស់។ 

ចំណុចទី១នោះគឺ​ ‘activ∞’   (បញ្ចេញសំឡេងថាActive) ដែលជាការរៀបចំសម្ភារៈបរិក្ខារ និងកម្មវិធីដើម្បីចាប់ផ្តើមការរស់នៅបែបទីក្រុង។ ចំណុចនេះនឹងធានាថាអតិថិជនទាំងអស់របស់យើងអាចរស់នៅ ធ្វើការ និងកំសាន្ត បានយ៉ាងរលូននៅក្នុងអាផាតមិន និងនៅជុំវិញទីក្រុង។ ក៏មានផងដែរការរៀបចំព្រឹត្តិការណ៍សម្រាប់អតិថិជនស្នាក់នៅ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីធ្វើឱ្យមានលទ្ធភាពគ្មានដែនកំណត់សម្រាប់ការរស់នៅបែបទីក្រុង គ្រឿងបរិក្ខារសម្រាប់ហាត់ប្រាណ និងកម្មវិធីដែលលើកទឹកចិត្តដល់របៀបរស់នៅបែបសកម្មជាដើម។

 

ចំណុចពិសេសមួយទៀតគឺ 'ដើម្បីក្តីស្រលាញ់នៃកាហ្វេ' ដែលរួមបញ្ចូលកម្មវិធីរៀបចំនៅក្នុងទីតាំងអាផាតមិន សិក្ខាសាលា និងការសហការគ្នាជាមួយសហគមន៍មូលដ្ឋាន ដើម្បីផ្តល់បទពិសោធន៍ពិសេសទាក់ទងនឹងកាហ្វេជូនអតិថិជន។ ដែលកម្មវិធីនេះមានគោលបំណងនាំអតិថិជនទាំងអស់មកជួបគ្នា មានការចែករំលែករវាងគ្នា និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងទីក្រុង។

គំនិតផ្តួចផ្តើមថ្មីផ្សេងទៀតរួមមាន បទពិសោធន៍ check-in ហាងកាហ្វេ ដែលអតិថិជននឹងត្រូវបានស្វាគមន៍ដោយអ្នកតំណាងពីហាងកាហ្វេផ្សេងៗគ្នានៅទីតាំង និងលក្ខណៈពិសេសដែលអាចបត់បែនបាន ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបន្ទប់ និងរៀបចំទីតាំងឱ្យសក្តិសមនឹងតម្រូវការការងារប្រចាំថ្ងៃ និងរបៀបរស់នៅរបស់អតិថិជន។

 

RVT៖ តើCitadinesមានសារៈសំខាន់អ្វីទៅលើទិដ្ឋភាពនៃវិស័យបដិសណ្ឋារកិច្ចដ៏រីកចម្រើនរបស់អាស៊ីអាគ្នេយ៍? តើ​អ្នក​គិត​ថា​ម៉ាក Citadines ថ្មី ​នឹង​មាន​ឥទ្ធិពល​អ្វី​ដល់​ការរីកចម្រើន​របស់ Ascott នៅ​អាស៊ីអាគ្នេយ៍?

 

WKL៖ ការបន្តពង្រីកខ្លួនរបស់Citadines រួមជាមួយនឹងការធ្វើឱ្យទាន់សម័យនៃម៉ាកយីហោនឹងជម្រុញឱ្យមានការរីកលូតលាស់បន្ថែមទៀតនៃការធ្វើដំណើរអាជីវកម្ម និងការកម្សាន្ត ដែលកំពុងធ្វើឱ្យមានការវិវត្តន៍ដ៏សំខាន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ (SEA)។

ទីផ្សារនៃការធ្វើដំណើរក្នុងតំបន់ត្រូវបានគេរំពឹងថានឹងមានការកើនឡើង១,៣ដងនៅឆ្នាំ២០២៧ កើនឡើងពីទំហំ៨០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលត្រូវបានជម្រុញដោយកត្តាមួយចំនួនរួមមាន៖ ការបន្ធូរបន្ថយទៅលើការរឹតបន្តឹងការធ្វើដំណើរ និងការគាំទ្រពីរដ្ឋាភិបាល។ ការស្ទុះងើបឡើងវិញនេះពិតជានឹងស្វាគមន៍ប្រជាសាស្រ្តថ្មីនៃអ្នកធ្វើដំណើរដែលមានសេចក្តីរំពឹងទុកថ្មី និងចំណូលចិត្តនៃការស្នាក់បែបពិសេស និងយូរអង្វែង។

ការដោះស្រាយអាទិភាពទាំងនេះគឺមានសារៈសំខាន់ក្នុងការធានាឱ្យឧស្សាហកម្មបដិសណ្ឋារកិច្ចអាចចាប់យកតម្រូវការរបស់អ្នកធ្វើដំណើរដោយជោគជ័យនាពេលបច្ចុប្បន្ននេះ។ Citadines នឹងចូលរួមចំណែកក្នុងទិដ្ឋភាពបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ តាមរយៈការធ្វើបច្ចុប្បន្នភាពម៉ាកយីហោថ្មីរបស់យើង និងការបន្តអភិវឌ្ឍន៍វាឲ្យកាន់តែប្រសើរជាងមុន។​

 

ជាមួយនឹងការបោះជំហានជាសកលដ៏ទូលំទូលាយបំផុតមួយក្នុងចំណោមម៉ាកយីហោអាផាតមិនទាំងអស់ Citadines ក៏នឹងធ្វើឱ្យThe Ascott Limited បន្តនាំមុខគេ និងពង្រឹងជំហររបស់យើងជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេ។ ម៉ាកយីហោនេះក៏នឹងបង្ហាញបន្ថែមទៀតនូវឧត្តមភាពរបស់យើងក្នុងប្រតិបត្តិការបដិសណ្ឋារកិច្ច និងការប្តេជ្ញាចិត្តក្នុងការក្លាយជាម៉ាកយីហោកន្លែងស្នាក់នៅកំពូលនៃជម្រើសរបស់អតិថិជនដោយនៅពីក្រោយការទទួលស្គាល់ជាម៉ាកយីហោអាផាតមិនឈានមុខគេមួយរបស់អាស៊ីសម្រាប់រយៈពេល៧ឆ្នាំជាប់ៗគ្នានៅឯពានរង្វាន់ទេសចរណ៍ពិភពលោកនាពេលថ្មីៗនេះ។

 

RVT៖ តើ Ascott នៅតែនាំមុខក្នុងលក្ខខណ្ឌនៃការបំពេញតម្រូវការរបស់អ្នកដំណើរយ៉ាងដូចម្តេច?

WKL៖ យើងទទួលស្គាល់ថាមានការកើនឡើងជាលំដាប់នៃការនិយមចូលចិត្តអាផាតមិនបម្រើសេវាកម្មក្នុងចំណោមអ្នកធ្វើដំណើរ។ សម្រាប់យើង លំនៅដ្ឋានបម្រើសេវាកម្មនៅតែបន្តនាំមុខក្នុងអាជីវកម្ម ដោយចូលរួមចំណែកស្មើនឹងជាង៦០%សម្រាប់ការចុះហត្ថលេខាពីអតិថិជនថ្មីកាលពីឆ្នាំមុន។ ទន្ទឹមនឹងការរីកចម្រើននេះ ផលប័ត្រម៉ាកយីហោរបស់យើងបានវិវឌ្ឍឥតឈប់ឈរ ដើម្បីបំពេញតម្រូវការផ្លាស់ប្តូររបស់អតិថិជនតាមរយៈកម្មវិធី និងមុខងារប្រកបដោយភាពច្នៃប្រឌិត ដូចជាការធ្វើបច្ចុប្បន្នភាពសំខាន់ៗរបស់Citadines ដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយគុណភាពសម្រាប់អតិថិជនទាំងអស់។

នៅពេលដែលការផ្លាស់ប្តូរបែបឌីជីថលនៅតែបន្តធ្វើឱ្យមានរលកនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច យើងក៏បានរួមបញ្ចូលការផ្តល់ជូនបែបឌីជីថលតាមតម្រូវការទៅក្នុងប្រតិបត្តិការស្នូលរបស់យើង ដើម្បីលើកកម្ពស់បទពិសោធន៍ដល់អតិថិជន។ តាមពិតទៅជាង ៨០% នៃអ្នកធ្វើដំណើរបាននិយាយថា ជម្ងឺរាតត្បាតកូវីដបានធ្វើឱ្យពួកគេចង់ធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមការស្ទង់មតិថ្មីៗនេះដោយ Virtuoso ។ យើងដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃនិរន្តរភាព ហើយបានចាប់ផ្តើមដំណើរប្រកបដោយនិរន្តរភាពផ្ទាល់ខ្លួនរបស់យើងនៅទូទាំងម៉ាករបស់យើង។ យើងបានរួមបញ្ចូលភាពបៃតងទៅក្នុងលំនៅដ្ឋាន ដូចជាការប្រើប្រាស់វត្ថុធាតុដើមពីប្រភពប្រកបដោយនិរន្តរភាព និងផលិតផលកែច្នៃឡើងវិញ និងធ្វើការជាមួយដៃគូដែលទទួលខុសត្រូវចំពោះបរិស្ថាន។

បច្ចុប្បន្នយើងក៏កំពុងធ្វើការលើក្របខណ្ឌនិរន្តរភាពថ្មីមួយ ដែលនឹងក្លាយជាផ្នែកស្នូលនៃអាជីវកម្ម និងម៉ាករបស់យើង ហើយមានគំនិតផ្តួចផ្តើមមួយចំនួនរួចមកហើយ។

 

RVT: តើអ្វីជានិន្នាការសំខាន់ៗដែលអ្នកកំពុងចាប់អារម្មណ៍នៅក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងតំបន់?

WKL៖ មាននិន្នាការសំខាន់ៗមួយចំនួនដែលយើងកំពុងឃើញនៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅអាស៊ីអាគ្នេយ៍។

ទីមួយគឺការកើនឡើងនៃរបៀបរស់នៅបែបឌីជីថល ដូចជា ការធ្វើការពីចម្ងាយ ជាដើម។ ការធ្វើការពីចម្ងាយ ត្រូវបានព្យាករណ៍ថានឹងក្លាយទៅបែបបទថ្មី ដែលមិនត្រឹមតែជានិន្នាការកើតឡើងក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតប៉ុណ្ណោះទេ។ ការសិក្សាថ្មីមួយបានរកឃើញថា បុគ្គលិកជាង៥៦% នៅអាស៊ីប៉ាស៊ីហ្វិក ចង់បានការងារដែលអាចបត់បែនបាន ដោយមានជម្រើសធ្វើការក្នុងការិយាល័យនិងការធ្វើការពីចម្ងាយ។ សណ្ឋាគារ ក៏ដូចជាអាផាតមិនត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងជាការិយាល័យធ្វើការសម្រាប់អ្នកធ្វើដំណើរកម្សាន្ត និងអ្នកដែលកំពុងស្វែងរកការផ្លាស់ប្តូរបរិយាកាសការងារ។

ទីពីរគឺទាក់ទិនទៅនឹងសុខភាពនិង​សុខុមាលភាព​ ដែលបច្ចុប្បន្ន​ក្លាយជា​ចំណុច​សំខាន់​សម្រាប់​អ្នក​ធ្វើ​ដំណើរ។ ការថែទាំខ្លួននិងសុខុមាលភាពផ្លូវចិត្តបានក្លាយជាផ្នែកដែលត្រូវបានផ្តោតសំខាន់សម្រាប់ពួកគេ ជាពិសេសបន្ទាប់ពីជម្ងឺរាតត្បាត។ ក្នុងនោះគេឃើញមានការកើនឡើងជាច្រើនសម្រាប់ក្រុម​អ្នក​ធ្វើ​ដំណើរដែល​កំពុង​ស្វែង​រក​បទ​ពិសោធ​ដ៏​ល្អ ​ដោយ​មាន​បំណង​លើក​កម្ពស់​សុខុមាលភាព​ផ្លូវ​កាយ អារម្មណ៍ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ។

 

ទីបីនោះគឺ យើងកំពុងមើលឃើញការកើនឡើងនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។ និរន្តរភាពបានក្លាយជាចំណុចសំខាន់សម្រាប់អ្នកធ្វើដំណើរ ជាពិសេសនៅពេលមានការរាតត្បាតនៃជម្ងឺកូវីដ។ យោងតាមរបាយការណ៍និរន្តរភាពឆ្នាំ២០២១ របស់ Booking.com អ្នកធ្វើដំណើរ៧៣% ទំនងជានឹងជ្រើសរើសកន្លែងស្នាក់នៅ ប្រសិនបើវាបានប្រតិបត្តិប្រកបដោយនិរន្តរភាព។ ក្នុងចំណោមអ្នកដែលបានស្ទង់មតិ៦១% បាននិយាយថា ជម្ងឺរាតត្បាតធ្វើឱ្យពួកគេចង់ធ្វើដំណើរប្រកបដោយនិរន្តរភាពបន្ថែមទៀតនាពេលអនាគត។

ជាមួយនឹងចំណេះដឹងអំពីនិន្នាការសំខាន់ៗទាំងនេះ យើងមានទំនុកចិត្តថា នៅពេលដែលយើងបន្តធ្វើឱ្យម៉ាកយីហោរបស់យើងឲ្យកាន់តែរីកចម្រើន នោះThe Ascott Limited នឹងស្ថិតនៅក្នុងទីតាំងដ៏ល្អមួយដើម្បីដោះស្រាយតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើងនាពេលអនាគត។

Source: https://www.phnompenhpost.com/national/covid-papers-not-needed-upon-entry-kingdom

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.