Citadines ដែលជាយីហោអាផាតមិនអូតែលដ៏ល្បីល្បាញនៅក្រោមក្រុមហ៊ុន The Ascott Limited (Ascott) បានបង្ហាញរូបរាងថ្មីនៅក្នុងទីផ្សារ។ ជាមួយនឹងវត្តមានអចលនទ្រព្យចំនួន៨០កន្លែង ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅទូទាំង៥៦ទីក្រុងនៅទូទាំងពិភពលោក យីហោCitadinesកំពុងផ្គត់ផ្គង់និងផ្តល់សេវាកម្មជូនអ្នករស់នៅក្នុងទីក្រុងដែលកំពុងកើនឡើងដែលមិនធ្លាប់មានពីមុន ដែលពេញចិត្តចំពោះភាពងាយស្រួលនៃលំនៅដ្ឋានបម្រើសេវាកម្ម និងភាពបត់បែនតាមបែបបទសណ្ឋាគារ។
យីហោអាផាតមិនអូតែលនេះ ត្រូវបានគេទទួលស្គាល់សម្រាប់ការរស់នៅទីក្រុងប្រកបដោយគុណភាព ហើយមានបង្កប់អត្ថន័យក្នុងគំនិតថ្មីមួយគឺ "សម្រាប់សេចក្តីស្រឡាញ់នៃទីក្រុង" ដែលគំនិតនេះតំណាងឲ្យខ្លឹមសារនៃអ្វីដែលយីហោនេះកំពុងផ្តល់ជូន។ Citadines ផ្តល់ឱ្យអ្នកធ្វើដំណើរនូវទស្សនៈវិស័យដាច់ដោយឡែកនៃទីក្រុងនីមួយៗដែលខ្លួនកំពុងស្ថិតនៅ ហើយត្រូវបានឆ្លុះបញ្ចាំងឡើងលើការរចនា និងស្តង់ដាសេវាកម្មនៃលំនៅដ្ឋានរបស់ពួកគេ។
យីហោអាផាតមិនអូតែល Citadines ត្រូវបានគេធ្វើឲ្យស្រស់ស្រាយឡើង ចំក្នុងឱកាសដ៏សមស្របមួយ ដោយសារឧស្សាហកម្មទេសចរណ៍និងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍បន្តបង្ហាញសញ្ញានៃការងើបឡើងវិញ និងកំណើនក្រោយការរាតត្បាតកូវីដ១៩។
ជាមួយនឹងការពង្រីកបណ្តាញអចលនទ្រព្យនៅទូទាំងតំបន់ Citadines ឈរជើងក្នុងទីតាំងដ៏ល្អក្នុងការចាប់យកបេះដូងរបស់អ្នកទីក្រុងដែលចូលចិត្តស្វែងរកបទពិសោធន៍ទីក្រុងថ្មីៗ។
និពន្ធនាយកស្ថាបនិកនៃក្រុមហ៊ុន Travel Asia Now ឈ្មោះ Rhea Vitto Tabora បានធ្វើបទសម្ភាសន៍ជាមួយលោកស្រី Wong Kar Ling នាយកគ្រប់គ្រងរបស់ Ascott សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (SEA) និងជាប្រធានផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តិការសកល ទៅលើប្រធានបទស្តីពីការធ្វើឱ្យម៉ាកយីហោអាផាតមិនអូតែលCitadines មានភាពស្រស់ស្រាយ និងសារៈសំខាន់របស់វានៅក្នុងទិដ្ឋភាពបដិសណ្ឋារកិច្ចបច្ចុប្បន្ន។
Rhea Vitto Tabora (RVT)៖ តើអ្វីជាកម្លាំងចិត្តដែលនៅពីក្រោយយីហោ Citadines Apart’ hotel ថ្មីស្រឡាងនេះ?
Wong Kar Ling (WKL)៖ Citadines គឺជាម៉ាកយីហោដែលរីកលូតលាស់លឿនបំផុតរបស់ក្រុម ហើយចាប់តាំងពីឈានជើងទៅអឺរ៉ុបជាង២០ឆ្នាំមុន យើងបានបង្កើនផលប័ត្រចំនួន៤ដង ជាមួយនឹងអចលនទ្រព្យចំនួន១០៤កន្លែងដែលកំពុងស្ថិតនៅក្នុងប្រតិបត្តិការ។ ស្របពេលដែលយើងសម្លឹងមើលដើម្បីពង្រីកការបោះជំហានរបស់យើងនៅក្នុងទីក្រុងសំខាន់ៗក្នុងពិភពលោក និងបន្តបង្កើនវត្តមានម៉ាកយីហោរបស់យើង វាជាឱកាសមួយសម្រាប់ឲ្យយើងធ្វើឱ្យម៉ាកយីហោមានសភាពស្រស់ស្រាយជានិច្ច វាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងម៉ាករបស់យើងតាមរយៈវិធីសាស្រ្ត Brand៣៦០ដឺក្រេ ។
យើងជឿជាក់លើសក្តានុពលទីផ្សារនៃការរស់នៅបែបអាផាតមិន ហើយយល់ថាអាជីវកម្មអាផាតមិនបម្រើសេវាកម្មបានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកធ្វើដំណើរស្វែងរកបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ចល្អ លើសពីការគ្រាន់តែចង់បានទីតាំងមួយ។ ការធ្វើយីហោរបស់យើងឲ្យមានភាពថ្មីនេះ ជួយជម្រុញការផ្តល់ជូនរបស់យើងឆ្ពោះទៅរកគំរូកូនកាត់មួយ ដែលមិនត្រឹមតែអនុញ្ញាតឱ្យយើងផ្តល់ជម្រើសទាំងបន្ទប់សណ្ឋាគារ និងអាផាតមិនបម្រើសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្មវិធីដ៏រឹងមាំដែលបំពេញតម្រូវការរបៀបរស់នៅរបស់អតិថិជនបានកាន់តែប្រសើរឡើង។
RVT: តើម៉ាក Citadines ដែលត្រូវបានធ្វើឱ្យថ្មីស្រឡាងនេះ ឆ្លុះបញ្ចាំងពីតម្រូវការវិវត្តរបស់អ្នកដំណើរយ៉ាងដូចម្តេច?
WKL: អ្នកជំនាញវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះកំពុងមមារញឹកក្នុងការធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ និងធ្វើដំណើរតាមបែប 'bleisure' (អាជីវកម្មនិងការកំសាន្តរួមគ្នា) នៅចន្លោះគម្រោងការអាជីវកម្មរបស់ពួកគេ។ ពួកគេកំពុងស្វែងរកការរស់នៅតាមបទពិសោធន៍ក្នុងស្រុកដ៏ល្អបំផុត មុនពេលចាប់ផ្តើមធ្វើការងារ។ ហើយម៉ាកយីហោ Citadines ថ្មីរបស់យើងមានគោលបំណងបំពេញនូវសេចក្តីប្រាថ្នានៃការធ្វើដំណើររបស់ពួកគេ។
ទាំងនេះរួមបញ្ចូលទាំងសកម្មភាពនិងកម្មវិធីដើម្បីចាប់ផ្តើមការរស់នៅបែបទីក្រុង បទពិសោធន៍ទាក់ទងនឹងកាហ្វេ រួមទាំងភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន ក៏ដូចជាលក្ខណៈពិសេសដែលអាចបត់បែនបាន ដែលអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបន្ទប់ និងទីតាំងឱ្យស្របទៅតាមតម្រូវការការងារប្រចាំថ្ងៃ និងរបៀបរស់នៅនៃអតិថិជនរបស់យើង។
RVT: តើអ្វីទៅជាការកែលម្អសំខាន់ៗរបស់យីហោCitadines?
WKL: ក្នុងនោះមានចំណុចសំខាន់ៗមួយចំនួននៅគ្រប់អចលនទ្រព្យរបស់Citadines ទាំងអស់។
ចំណុចទី១នោះគឺ ‘activ∞’ (បញ្ចេញសំឡេងថាActive) ដែលជាការរៀបចំសម្ភារៈបរិក្ខារ និងកម្មវិធីដើម្បីចាប់ផ្តើមការរស់នៅបែបទីក្រុង។ ចំណុចនេះនឹងធានាថាអតិថិជនទាំងអស់របស់យើងអាចរស់នៅ ធ្វើការ និងកំសាន្ត បានយ៉ាងរលូននៅក្នុងអាផាតមិន និងនៅជុំវិញទីក្រុង។ ក៏មានផងដែរការរៀបចំព្រឹត្តិការណ៍សម្រាប់អតិថិជនស្នាក់នៅ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីធ្វើឱ្យមានលទ្ធភាពគ្មានដែនកំណត់សម្រាប់ការរស់នៅបែបទីក្រុង គ្រឿងបរិក្ខារសម្រាប់ហាត់ប្រាណ និងកម្មវិធីដែលលើកទឹកចិត្តដល់របៀបរស់នៅបែបសកម្មជាដើម។
ចំណុចពិសេសមួយទៀតគឺ 'ដើម្បីក្តីស្រលាញ់នៃកាហ្វេ' ដែលរួមបញ្ចូលកម្មវិធីរៀបចំនៅក្នុងទីតាំងអាផាតមិន សិក្ខាសាលា និងការសហការគ្នាជាមួយសហគមន៍មូលដ្ឋាន ដើម្បីផ្តល់បទពិសោធន៍ពិសេសទាក់ទងនឹងកាហ្វេជូនអតិថិជន។ ដែលកម្មវិធីនេះមានគោលបំណងនាំអតិថិជនទាំងអស់មកជួបគ្នា មានការចែករំលែករវាងគ្នា និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងទីក្រុង។
គំនិតផ្តួចផ្តើមថ្មីផ្សេងទៀតរួមមាន បទពិសោធន៍ check-in ហាងកាហ្វេ ដែលអតិថិជននឹងត្រូវបានស្វាគមន៍ដោយអ្នកតំណាងពីហាងកាហ្វេផ្សេងៗគ្នានៅទីតាំង និងលក្ខណៈពិសេសដែលអាចបត់បែនបាន ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរបន្ទប់ និងរៀបចំទីតាំងឱ្យសក្តិសមនឹងតម្រូវការការងារប្រចាំថ្ងៃ និងរបៀបរស់នៅរបស់អតិថិជន។
RVT៖ តើCitadinesមានសារៈសំខាន់អ្វីទៅលើទិដ្ឋភាពនៃវិស័យបដិសណ្ឋារកិច្ចដ៏រីកចម្រើនរបស់អាស៊ីអាគ្នេយ៍? តើអ្នកគិតថាម៉ាក Citadines ថ្មី នឹងមានឥទ្ធិពលអ្វីដល់ការរីកចម្រើនរបស់ Ascott នៅអាស៊ីអាគ្នេយ៍?
WKL៖ ការបន្តពង្រីកខ្លួនរបស់Citadines រួមជាមួយនឹងការធ្វើឱ្យទាន់សម័យនៃម៉ាកយីហោនឹងជម្រុញឱ្យមានការរីកលូតលាស់បន្ថែមទៀតនៃការធ្វើដំណើរអាជីវកម្ម និងការកម្សាន្ត ដែលកំពុងធ្វើឱ្យមានការវិវត្តន៍ដ៏សំខាន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ (SEA)។
ទីផ្សារនៃការធ្វើដំណើរក្នុងតំបន់ត្រូវបានគេរំពឹងថានឹងមានការកើនឡើង១,៣ដងនៅឆ្នាំ២០២៧ កើនឡើងពីទំហំ៨០ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលត្រូវបានជម្រុញដោយកត្តាមួយចំនួនរួមមាន៖ ការបន្ធូរបន្ថយទៅលើការរឹតបន្តឹងការធ្វើដំណើរ និងការគាំទ្រពីរដ្ឋាភិបាល។ ការស្ទុះងើបឡើងវិញនេះពិតជានឹងស្វាគមន៍ប្រជាសាស្រ្តថ្មីនៃអ្នកធ្វើដំណើរដែលមានសេចក្តីរំពឹងទុកថ្មី និងចំណូលចិត្តនៃការស្នាក់បែបពិសេស និងយូរអង្វែង។
ការដោះស្រាយអាទិភាពទាំងនេះគឺមានសារៈសំខាន់ក្នុងការធានាឱ្យឧស្សាហកម្មបដិសណ្ឋារកិច្ចអាចចាប់យកតម្រូវការរបស់អ្នកធ្វើដំណើរដោយជោគជ័យនាពេលបច្ចុប្បន្ននេះ។ Citadines នឹងចូលរួមចំណែកក្នុងទិដ្ឋភាពបដិសណ្ឋារកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ តាមរយៈការធ្វើបច្ចុប្បន្នភាពម៉ាកយីហោថ្មីរបស់យើង និងការបន្តអភិវឌ្ឍន៍វាឲ្យកាន់តែប្រសើរជាងមុន។
ជាមួយនឹងការបោះជំហានជាសកលដ៏ទូលំទូលាយបំផុតមួយក្នុងចំណោមម៉ាកយីហោអាផាតមិនទាំងអស់ Citadines ក៏នឹងធ្វើឱ្យThe Ascott Limited បន្តនាំមុខគេ និងពង្រឹងជំហររបស់យើងជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេ។ ម៉ាកយីហោនេះក៏នឹងបង្ហាញបន្ថែមទៀតនូវឧត្តមភាពរបស់យើងក្នុងប្រតិបត្តិការបដិសណ្ឋារកិច្ច និងការប្តេជ្ញាចិត្តក្នុងការក្លាយជាម៉ាកយីហោកន្លែងស្នាក់នៅកំពូលនៃជម្រើសរបស់អតិថិជនដោយនៅពីក្រោយការទទួលស្គាល់ជាម៉ាកយីហោអាផាតមិនឈានមុខគេមួយរបស់អាស៊ីសម្រាប់រយៈពេល៧ឆ្នាំជាប់ៗគ្នានៅឯពានរង្វាន់ទេសចរណ៍ពិភពលោកនាពេលថ្មីៗនេះ។
RVT៖ តើ Ascott នៅតែនាំមុខក្នុងលក្ខខណ្ឌនៃការបំពេញតម្រូវការរបស់អ្នកដំណើរយ៉ាងដូចម្តេច?
WKL៖ យើងទទួលស្គាល់ថាមានការកើនឡើងជាលំដាប់នៃការនិយមចូលចិត្តអាផាតមិនបម្រើសេវាកម្មក្នុងចំណោមអ្នកធ្វើដំណើរ។ សម្រាប់យើង លំនៅដ្ឋានបម្រើសេវាកម្មនៅតែបន្តនាំមុខក្នុងអាជីវកម្ម ដោយចូលរួមចំណែកស្មើនឹងជាង៦០%សម្រាប់ការចុះហត្ថលេខាពីអតិថិជនថ្មីកាលពីឆ្នាំមុន។ ទន្ទឹមនឹងការរីកចម្រើននេះ ផលប័ត្រម៉ាកយីហោរបស់យើងបានវិវឌ្ឍឥតឈប់ឈរ ដើម្បីបំពេញតម្រូវការផ្លាស់ប្តូររបស់អតិថិជនតាមរយៈកម្មវិធី និងមុខងារប្រកបដោយភាពច្នៃប្រឌិត ដូចជាការធ្វើបច្ចុប្បន្នភាពសំខាន់ៗរបស់Citadines ដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយគុណភាពសម្រាប់អតិថិជនទាំងអស់។
នៅពេលដែលការផ្លាស់ប្តូរបែបឌីជីថលនៅតែបន្តធ្វើឱ្យមានរលកនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច យើងក៏បានរួមបញ្ចូលការផ្តល់ជូនបែបឌីជីថលតាមតម្រូវការទៅក្នុងប្រតិបត្តិការស្នូលរបស់យើង ដើម្បីលើកកម្ពស់បទពិសោធន៍ដល់អតិថិជន។ តាមពិតទៅជាង ៨០% នៃអ្នកធ្វើដំណើរបាននិយាយថា ជម្ងឺរាតត្បាតកូវីដបានធ្វើឱ្យពួកគេចង់ធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមការស្ទង់មតិថ្មីៗនេះដោយ Virtuoso ។ យើងដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃនិរន្តរភាព ហើយបានចាប់ផ្តើមដំណើរប្រកបដោយនិរន្តរភាពផ្ទាល់ខ្លួនរបស់យើងនៅទូទាំងម៉ាករបស់យើង។ យើងបានរួមបញ្ចូលភាពបៃតងទៅក្នុងលំនៅដ្ឋាន ដូចជាការប្រើប្រាស់វត្ថុធាតុដើមពីប្រភពប្រកបដោយនិរន្តរភាព និងផលិតផលកែច្នៃឡើងវិញ និងធ្វើការជាមួយដៃគូដែលទទួលខុសត្រូវចំពោះបរិស្ថាន។
បច្ចុប្បន្នយើងក៏កំពុងធ្វើការលើក្របខណ្ឌនិរន្តរភាពថ្មីមួយ ដែលនឹងក្លាយជាផ្នែកស្នូលនៃអាជីវកម្ម និងម៉ាករបស់យើង ហើយមានគំនិតផ្តួចផ្តើមមួយចំនួនរួចមកហើយ។
RVT: តើអ្វីជានិន្នាការសំខាន់ៗដែលអ្នកកំពុងចាប់អារម្មណ៍នៅក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងតំបន់?
WKL៖ មាននិន្នាការសំខាន់ៗមួយចំនួនដែលយើងកំពុងឃើញនៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅអាស៊ីអាគ្នេយ៍។
ទីមួយគឺការកើនឡើងនៃរបៀបរស់នៅបែបឌីជីថល ដូចជា ការធ្វើការពីចម្ងាយ ជាដើម។ ការធ្វើការពីចម្ងាយ ត្រូវបានព្យាករណ៍ថានឹងក្លាយទៅបែបបទថ្មី ដែលមិនត្រឹមតែជានិន្នាការកើតឡើងក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតប៉ុណ្ណោះទេ។ ការសិក្សាថ្មីមួយបានរកឃើញថា បុគ្គលិកជាង៥៦% នៅអាស៊ីប៉ាស៊ីហ្វិក ចង់បានការងារដែលអាចបត់បែនបាន ដោយមានជម្រើសធ្វើការក្នុងការិយាល័យនិងការធ្វើការពីចម្ងាយ។ សណ្ឋាគារ ក៏ដូចជាអាផាតមិនត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងជាការិយាល័យធ្វើការសម្រាប់អ្នកធ្វើដំណើរកម្សាន្ត និងអ្នកដែលកំពុងស្វែងរកការផ្លាស់ប្តូរបរិយាកាសការងារ។
ទីពីរគឺទាក់ទិនទៅនឹងសុខភាពនិងសុខុមាលភាព ដែលបច្ចុប្បន្នក្លាយជាចំណុចសំខាន់សម្រាប់អ្នកធ្វើដំណើរ។ ការថែទាំខ្លួននិងសុខុមាលភាពផ្លូវចិត្តបានក្លាយជាផ្នែកដែលត្រូវបានផ្តោតសំខាន់សម្រាប់ពួកគេ ជាពិសេសបន្ទាប់ពីជម្ងឺរាតត្បាត។ ក្នុងនោះគេឃើញមានការកើនឡើងជាច្រើនសម្រាប់ក្រុមអ្នកធ្វើដំណើរដែលកំពុងស្វែងរកបទពិសោធដ៏ល្អ ដោយមានបំណងលើកកម្ពស់សុខុមាលភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្តរបស់ពួកគេ។
ទីបីនោះគឺ យើងកំពុងមើលឃើញការកើនឡើងនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។ និរន្តរភាពបានក្លាយជាចំណុចសំខាន់សម្រាប់អ្នកធ្វើដំណើរ ជាពិសេសនៅពេលមានការរាតត្បាតនៃជម្ងឺកូវីដ។ យោងតាមរបាយការណ៍និរន្តរភាពឆ្នាំ២០២១ របស់ Booking.com អ្នកធ្វើដំណើរ៧៣% ទំនងជានឹងជ្រើសរើសកន្លែងស្នាក់នៅ ប្រសិនបើវាបានប្រតិបត្តិប្រកបដោយនិរន្តរភាព។ ក្នុងចំណោមអ្នកដែលបានស្ទង់មតិ៦១% បាននិយាយថា ជម្ងឺរាតត្បាតធ្វើឱ្យពួកគេចង់ធ្វើដំណើរប្រកបដោយនិរន្តរភាពបន្ថែមទៀតនាពេលអនាគត។
ជាមួយនឹងចំណេះដឹងអំពីនិន្នាការសំខាន់ៗទាំងនេះ យើងមានទំនុកចិត្តថា នៅពេលដែលយើងបន្តធ្វើឱ្យម៉ាកយីហោរបស់យើងឲ្យកាន់តែរីកចម្រើន នោះThe Ascott Limited នឹងស្ថិតនៅក្នុងទីតាំងដ៏ល្អមួយដើម្បីដោះស្រាយតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនរបស់យើងនាពេលអនាគត។
|