ចាប់តាំងពីចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានពីរលើករួចមកហើយ គឺម្តងនៅឆ្នាំ២០០២ និងម្តងទៀតក្នុងឆ្នាំ២០១២។ សម្រាប់លើកទី៣នេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា។
ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច ក៏ប៉ុន្តែកម្ពុជានៅតែអាចចរចារជាមួយប្រទេសមហាអំណាចជាច្រើនជុំវិញបញ្ហាជម្លោះដែលទាក់ទងនឹងសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ វិបត្តិមីយ៉ាន់ម៉ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ទោះបីជាមានភាពច្របូកច្របល់ប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ កម្ពុជាបានប្រើប្រាស់វេទិកាអាស៊ានដើម្បីសម្រេចបាននូវផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់ តាមរយៈការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ មានប្រសាសន៍ថា តួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានបានលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិ ដោយសារខ្លួនកំពុងដើរតួជាអ្នកតំណាងសម្រាប់តំបន់អាស៊ានទាំងមូលតាមរយៈវេទិកាផ្សេងៗ។
លោកបន្តថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអ្នកសម្របសម្រួលក្នុងជម្លោះផ្ទៃក្នុងនៃប្រទេសសមាជិក ដូចជាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះមានឱកាសយកអាសនៈរបស់ខ្លួននៅជាប់សហរដ្ឋអាមេរិកធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានសរសើរកម្ពុជា និងសរសើរចំពោះការដឹកនាំអាស៊ាននៅឆ្នាំនេះ។
លោក ពុយ គា បានបន្ថែមថា តាមរយៈការធ្វើជាប្រធានអាស៊ាន កម្ពុជាត្រូវបានអញ្ជើញឲ្យធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានអាសន្នអំពីវិបត្តិមីយ៉ាន់ម៉ា ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី ទីក្រុងហ្សាការតា កាលពីចុងខែតុលា។ កម្ពុជាក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំពេញអង្គ G-20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងដែលប្រទេសកម្ពុជានឹងអាចធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួននៅទីនោះ។
លោក វណ្ណ ប៊ុណ្ណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព (CICP) មានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យក្នុងការចរចារលើសមុទ្រចិនខាងត្បូងដោយការចេញសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលជាបុព្វហេតុនៃការបង្កើតក្រមប្រតិបត្តិ (COC) សម្រាប់សមុទ្រចិនខាងត្បូង។
លោកមើលឃើញទិដ្ឋភាពវិជ្ជមាន៣ដែលកម្ពុជាកំពុងស្ថិតក្នុងអាស៊ាន នោះគឺនយោបាយការបរទេស ការចំណេញសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពការទូត។
- ទី១ កម្ពុជាមានសមត្ថភាពអង្គុយជជែកជាមួយប្រទេសមហាអំណាចក្នុងតំបន់ និងពិភពលោកដោយស្មើភាពគ្នា។
- ទី២ កម្ពុជាអាចប្រើប្រាស់វេទិកាអាស៊ានដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ប្លុកដូចជា RCEP នាពេលថ្មីៗនេះ។
- ទី៣ កម្ពុជាអាចកសាងនិងពង្រឹងសមត្ថភាពការទូតរបស់ខ្លួនដើម្បីទប់ទល់នឹងវិបត្តិនិងស្ថានការណ៍ពិភពលោកដែលតែងតែផ្លាស់ប្តូរជានិច្ច។
|