អង្គការយូណេស្កូបានដាក់បញ្ចូលជាផ្លូវការ គុនល្បុក្កតោរបស់កម្ពុជា ដែលគេស្គាល់ជាទូទៅថា ”ល្បុក្កតោ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ នេះបើតាម លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងរបាយការណ៍សង្ខេបរបស់លោកស្រីជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។
ល្បុក្កតោ ជាក្បាច់គុណមួយដែលខ្មែរបុរាណបង្កើតឡើងដើម្បីការពារខ្លួននិងទប់ទល់ជាមួយនឹងសត្វសាហាវ។ ពាក្យ ល្បុក្កតោ បានមកពីបន្សំនៃពាក្យ «បុក» មានន័យថា «បុកទង្គិច» និង «តោ» ដែលសំដៅលើសត្វតោ ជាសត្វដ៏ខ្លាំងបំផុតដែលខ្មែរបុរាណស្គាល់។
ភស្តុតាងប្រវត្តិសាស្ត្រនៃបច្ចេកទេសល្បុក្កតោសម័យដើម អាចឃើញមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណរបស់ខ្មែរ។ ឧទាហរណ៍ជាច្រើនអាចរកឃើញនៅបរិវេណប្រាសាទសំបូរព្រៃគុកនាសតវត្សទី៧ ហើយក្រោយមកនៅសម័យអង្គរ សតវត្សទី១១ ចលនាក្បាច់គុនល្បុក្កតោជាច្រើនត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទ ជាពិសេសប្រាសាទអង្គរវត្ត។
គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានរៀបចំដាក់ពាក្យស្នើសុំដាក់បញ្ចូលល្បុក្កតោជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូដែលត្រូវការការការពារជាបន្ទាន់ នៅក្នុងឆ្នាំ២០០៨។ ពាក្យស្នើសុំត្រូវបានផ្លាស់ប្តូរនៅឆ្នាំ ២០១៧ ទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ICH)។
ពាក្យស្នើសុំលើកទីបីត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយសារវិបត្តិ Covid-19 ឯកសារត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។
|