ក្រុមហ៊ុន Capital A ដែលជាអតីតក្រុមហ៊ុន AirAsia Group និងជាក្រុមហ៊ុនមេរបស់ AirAsia (AK, Kuala Lumpur Int'l) បានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ AirAsia Aviation Group បានចូលហ៊ុនគ្នា ៥១/៤៩ ជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ច Sivilai Asia ដើម្បីបើកដំណើរការ AirAsia Cambodia នៅទីក្រុងភ្នំពេញ។
ក្រុមហ៊ុនទាំងពីរបានឲ្យដឹងទៀតថា យោងទៅតាមការអនុម័តបទប្បញ្ញត្តិនិងវិញ្ញាបនប័ត្រ ក្រុមហ៊ុនគួរតែចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៣។ នាយកប្រតិបត្តិក្រុមហ៊ុន Capital A លោក Tony Fernandes បានប្រាប់ Bloombergថា ក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្តើមឡើងជាមួយនឹងយន្តហោះពីរគ្រឿង ដែលភាគច្រើនទំនងជា A321-200Ns ហើយអនាគតនឹងបង្កើនទៅដល់១៥គ្រឿង។
លោកបន្តថា "ឆ្នាំ២០២២ជាឆ្នាំដែលយើងចាប់ផ្តើមក្រុមហ៊ុនអាកាសចរណ៍របស់យើងឡើងវិញឲ្យដល់កម្រិតកាលពីមុនវិបត្តិកូវីដ។ យើងកំពុងរៀបចំដំណើរការវា ហើយនឹងបញ្ចប់នៅត្រីមាសទីពីរនៃឆ្នាំ២០២៣ ។ ចំណែកនៅចុងឆ្នាំ២០២៣ គឺជាពេលដែលយើងផ្តោតលើការបន្តការខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រីកការលូតលាស់។ យើងមានទំនុកចិត្តលើប្រាក់ចំណេញក្នុងឆ្នាំដំបូងនៃប្រតិបត្តិការនេះ។
ជាពិសេស ប្រទេសកម្ពុជាជាទីផ្សារមួយដែលយើងស្គាល់ច្បាស់ ហើយជាកន្លែងដែលយើងមានហេដ្ឋារចនាសម្ព័ន្ធឈរជើងយ៉ាងស៊ីជម្រៅរួចមកហើយ»។
នៅក្នុងការលាតត្រដាងរបស់ Bursa Malaysia ក្រុមហ៊ុន Capital A បានបញ្ជាក់យ៉ាងច្បាស់ថា ការរួមចំណែកដើមទុនដំបូងនឹងមាន ៥លានដុល្លារ។ ក្រុមហ៊ុន Capital A ក្នុងនាមជាម្ចាស់ភាគហ៊ុនភាគច្រើនដែលមានភាគហ៊ុន ៥១% នឹងវិនិយោគ ២.៥៥ លានដុល្លារ ហើយ Sivilai Asia ក្នុងចំនួន២.៤៥ លានដុល្លារ។ ការវិនិយោគនឹងត្រូវបានចាក់បញ្ចូលជាបីលើក គឺដំបូង ២.៥ លានដុល្លារអាមេរិកលើការអនុវត្តកិច្ចព្រមព្រៀងភាគហ៊ុន និងលើកទីពីរ ១.៥ លានដុល្លារក្នុងរយៈពេល៣ខែបន្ទាប់ និងចុងក្រោយ១លានដុល្លារយ៉ាងហោចណាស់មួយខែមុនពេលចាប់ផ្តើមប្រតិបត្តិការ។
Capital A រំពឹងថា នៅក្នុងរយៈពេលវែង ដើមទុនរបស់ AirAsia Cambodia នឹងកើនឡើងដល់ ២៥លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញផ្លូវរត់ជាក់លាក់ណាមួយទេ ប៉ុន្តែបានឲ្យដឹងថា ខ្លួននឹងផ្តោតលើការតភ្ជាប់ទីក្រុងភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ជាមួយនឹងចំណុចដែលមានស្រាប់ក្នុងបណ្តាញអាស៊ានរបស់ខ្លួន ព្រមទាំងប្រទេសឥណ្ឌា ចិន និងអាស៊ីខាងជើង។ ចម្ងាយរត់និងស្ថិតក្នុងរយៈពេលជុំវិញបួនម៉ោងពីមូលដ្ឋានប្រទេសកម្ពុជា។
Capital A បាននិយាយថា ខ្លួននឹងផ្តោតលើ AOCsក្នុងបណ្តាប្រទេសអាស៊ាន បន្ទាប់ពីការក្ស័យធនរបស់ AirAsia Japan និងការដកខ្លួនចេញពី AirAsia India។
ក្រៅពីក្រុមហ៊ុន AirAsia និង AirAsia X នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ក្រុមហ៊ុនCapital A មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Thai AirAsia, Thai AirAsia X, Indonesia AirAsia និង Philippines AirAsia ផងដែរ។ ការប៉ុនប៉ងពីមុនរបស់ក្រុមហ៊ុនក្នុងការចូលទៅក្នុងទីផ្សារអាស៊ានផ្សេងទៀត មិនត្រឹមតែទៅកាន់ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodiaប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសមីយ៉ាន់ម៉ា និងវៀតណាមផងដែរ។
|