លោក ជា ឡង់ដា គឺជាបេក្ខភាពក្នុងយុទ្ធនាការ “The Exceptional” របស់ ស្រាបៀរ ABC រដូវកាលទី២ដែលមានគោលបំណងចែករំលែករឿងរ៉ាវរបស់ប្រជាជនកម្ពុជាចំនួន១០រូបដែលមានក្តីសុបិន្តនិងមានឆន្ទៈចង់សម្រេចបាននូវភាពជោគជ័យដែលពួកគេប្រាថ្នា។ កម្មវិធីនេះចង់ជម្រុញយុវជនជំនាន់ក្រោយឱ្យចាប់យកឱកាសក្លាយជាមនុស្សពិសេសដែលសាធារណៈជនទទួលស្គាល់និងកោតសរសើរ។
លោក ឡង់ដា គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ BookMeBus ដែលជាកម្មវិធីអេឡិចត្រូនិចសម្រាប់កក់មធ្យោបាយធ្វើដំណើរតាមប្រព័ន្ធអ៊ីនធឺណិតដែលផ្តល់ជម្រើសមធ្យោបាយធ្វើដំណើរជាច្រើនរួមមាន៖ ឡានក្រុង រថភ្លើង សាឡាង និងតាក់ស៊ីនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ។
វេទិកានេះផ្តល់សេវាកម្មតាក់ស៊ីឯកជនសម្រាប់អ្នកដំណើរក្នុង២៥ខេត្តនិងរាជធានី និងប្រទេសជិតខាងដូចជា វៀតណាម ថៃ និងឡាវ។
បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់គឺជាការបំផុសគំនិតសម្រាប់អាជីវកម្មមួយនេះ ដោយកាលពីគាត់នៅជាសិស្ស គាត់បានធ្វើដំណើរជាប្រចាំរវាងរាជធានី និងស្រុកកំណើតរបស់គាត់ដោយរថយន្តក្រុងឯកជន។
លោកមានប្រសាសន៍ថា៖ “វាមានភាពពិបាកណាស់ បើខ្ញុំចង់ទិញសំបុត្រ ខ្ញុំត្រូវទៅដល់បេនឡានក្រុង។ ហើយពេលខ្លះខ្ញុំត្រូវរង់ចាំឡានក្រុងដល់ទៅ២ ឬ៣ម៉ោង។ នៅពេលខ្លះទៀត ឡានក្រុងមិនចេញទេរហូតដល់មានភ្ញៀវពេញ ដែលវាធ្វើឲ្យយើងខាតពេលច្រើន»។
លោកបន្ថែមទៀតថា៖ “ខ្ញុំជាជនជាតិខ្មែរទៅហើយ នៅតែមានភាពនឿយហត់ណាស់ក្នុងការធ្វើដំណើរបែបនេះ វាខ្ជះខ្ជាយពេលវេលាច្រើន និងមិនច្បាស់ថាតើឡានក្រុងនឹងចេញនៅពេលណា។ សាកស្រមៃទៅមើលចំពោះអ្នកដំណើរបរទេសដែលមិនចេះនិយាយភាសាខ្មែរ គួរអោយអាណិតណាស់! ដោយសារតែខ្ញុំសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ខ្ញុំបានសម្រេចចិត្តសាកល្បង និងបង្កើតវេទិកាមួយដែលនឹងជួយសម្រួលដល់ដំណើរការទាំងមូល»។
ទោះបីជាគេហទំព័រនិងកម្មវិធីដែលលោកបានខិតខំប្រឹងប្រែងបង្កើតឡើងនេះត្រូវបានចាត់ទុកថាទទួលបានជោគជ័យយ៉ាងទូលំទូលាយក៏ដោយ ក៏លោកនៅតែជួបប្រទះនឹងឧបសគ្គមួយចំនួន។ នៅពេលដែលតម្រូវការរបស់អតិថិជនបានកើនឡើង លោកបានជួបប្រទះបញ្ហាក្នុងការបែងចែកកៅអី ខណៈដែលក្រុមហ៊ុនរថយន្តក្រុងជាច្រើននៅតែប្រើប្រាស់ការបែងចែកដោយដៃ។ គាត់សង្ឃឹមថានៅពេលខាងមុខគាត់អាចបង្កើតដំណោះស្រាយឌីជីថលដើម្បីលើកទឹកចិត្តដៃគូទាំងអស់របស់គាត់ឱ្យទទួលយកប្រព័ន្ធស្វ័យប្រវត្តិដើម្បីធ្វើឱ្យដំណើរការរលូនជាងមុន។
បច្ចុប្បន្ន BookMeBus បានចាប់ដៃគូជាមួយប្រតិបត្តិកររថយន្តក្រុង សាឡាង និងតាក់ស៊ីប្រហែល៣០ ដែលធ្វើឱ្យវាក្លាយជាវេទិកាពេញនិយមបំផុតមួយនៅក្នុងក្នុងប្រទេសកម្ពុជា។
អ្វីដែលធ្វើឱ្យគាត់កាន់តែមានមោទនភាពនោះគឺថា BookMeBus បានក្លាយជាអាជីវកម្មដែលមិនត្រឹមតែជួយដល់ភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស ចំណេះដឹង និងបទពិសោធន៍ការងារដល់យុវជនទៀតផង។
ចក្ខុវិស័យរបស់ លោក ឡង់ដា សម្រាប់អនាគតគឺពង្រីកអាជីវកម្មរបស់គាត់ដោយបន្ថែមសេវាកម្មផ្សេងទៀតទាក់ទងនឹងការធ្វើដំណើរ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរ។
|